ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា គិតរហូតដល់ថ្ងៃទី២៦ មិថុនានេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មី លើទាហានកម្ពុជាទៀតឡើយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មិថុនានេះ នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ថា នៅសាធារណរដ្ឋម៉ាលី មានកងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ១០នាក់ ដែលបានទៅបំពេញបេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះមាន៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង១នាក់បានពលីជីវិត កាលពីថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០។
លោកនាយឧត្ដមសេនីយ៍បន្តថា ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូន កងកម្លាំងទៅបំពេញប្រតិបត្តិការ ការងារមនុស្សធម៌តាមរយៈ អង្គការសហប្រជាជាតិនៅក្រៅប្រទេសនោះឡើយ។
លោកថា រហូតដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មានកងកម្លាំងចំនួន៥កង សរុបចំនួន ៧៨៧នាក់(នារីចំនួន ៧៦នាក់) កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានប្រទេសលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលីនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រៅពីប្រទេសម៉ាលី នៅប្រទេស៤ផ្សេងទៀត មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានឆ្លងជំងឺកូវីដ១៩នោះឡើយ។
ក្រសួងការពារជាតិ តាមរយៈមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះ នៅតែបន្តធ្វើការតាមដាន និងណែនាំជាប់ជាប្រចាំ ព្រមទាំងក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19