ភ្នំពេញ៖ លោកស្រីសាស្រ្តាចារ្យបណ្ឌិត ពៅ សាវរស អ្នកប្រាជ្ញខាងអារ្យធម៌ខ្មែរ បានទទួលមរណភាព កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ នៅប្រទេសបារាំង ក្នុងជន្មាយុ ៩០ឆ្នាំ។
មរណភាពរបស់លោកស្រី សាស្រ្តាចារ្យបណ្ឌិត ពៅ សាវរស គឺជាការបាត់បង់នូវ មាតា មាតាក្មេក ជីដូន ព្រមទាំងជាការបាត់បង់នូវ សាស្រ្តាចារ្យខាងអារ្យធម៌ខ្មែរ ដ៏ឆ្នើមមួយរូបដែលបានចូលរួម យ៉ាងសកម្មក្នុងការសិក្សា ស្រាវជ្រាវ ផ្សព្វផ្សាយ និងលើកស្ទួយ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេសលើផ្នែកភាសាខ្មែរ។
លោកស្រីសាស្រ្តាចារ្យបណ្ឌិត បានបន្សល់ទុកនូវស្នាដៃជាច្រើន តាមរយៈការបោះពុម្ព ចងក្រង ផ្សព្វផ្សាយនូវការសិក្សាសិលាចារឹក អក្សរសិល្ប៍ខ្មែរ ដោយក្នុងនោះក៏មានជាការបង្កើតជាសន្ទានុក្រម សំស្រ្កឹត ខ្មែរ-បារាំង និងការបន្តបណ្តុះបណ្តាល អ្នកជំនាន់ក្រោយពាក់ព័ន្ធ នឹងការសិក្សាស្រាវជ្រាវអារ្យធម៌ខ្មែរផងដែរ។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ ក៏ដូចជាញាតិមិត្តជិតឆ្ងាយ ទាំងអស់នៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រីសាស្រ្តាចារ្យបណ្ឌិត ពៅ សាវរស សូមបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕