ភូមិសាស្រ្ដនយោបាយអាស៊ាន កំពុងជួបការលំបាក ដោយការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាច

0

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ាន ក៏កំពុងទទួលរងនូវភាពលំបាក លើភូមិសាស្រ្ដនយោបាយ ដែលបណ្ដាលមកពី ការប្រកួតប្រជែងយុទ្ធសាស្រ្ដកាន់តែខ្លាំងឡើង របស់ប្រទេសមហាអំណាច ។

កាលពីថ្ងៃទី២៤ មិថុនា លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខ លើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ ដែលនឹងប្រព្រឹត្ដ ទៅនៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០។

កិច្ចប្រជុំ បានកត់សម្គាល់ចំពោះការកើនឡើង នូវចំណាប់អារម្មណ៍កាន់តែខ្លាំង ពីដៃគូខាងក្រៅ ក្នុងការភ្ជាប់ទំនាក់ទំនងឡើង ជាមួយអាស៊ាន។ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ក៏បានផ្លាស់ប្ដូរទស្សនៈគ្នា ទាក់ទងទៅនឹងបញ្ហាតំបន់ និងអន្ដរជាតិ ដូចជាស្ថានការណ៍នៅឧបទ្វីបកូរ៉េ រដ្ឋរ៉ាខាញ និងការវិវឌ្ឍនៅ សមុទ្រចិនខាងត្បូង។

រដ្ឋមន្រ្ដីការបរទេសអាស៊ាន បានចែករំលែកទស្សនៈលើសារៈសំខាន់នៃការពង្រឹង មជ្ឈភាពអាស៊ាន ក្នុងការវិវឌ្ឍនិម្មាបនកម្មក្នុងតំបន់ ពង្រឹងសន្ដិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសការ ពន្លឿនការងារ ដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្ដិការឱ្យកាន់តែជិតស្និទ្ធក្នុងអាស៊ាន ដែលឆ្លើយតបជាមួយស្ថានភាពងើបឡើងវិញពីជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ក៏បានយកឱកាសនៃកិច្ចប្រជុំនោះ ចែករំលែកទស្សនៈសំខាន់ៗមួយចំនួនផងដែរ៖

-ក្រៅពីបញ្ហាប្រឈមនៃជំងឺរាតត្បាត និងសង្គម-សេដ្ឋកិច្ច អាស៊ានគឺកំពុងទទួលរងនូវភាពលំបាកលើភូមិសាស្រ្ដនយោបាយ បណ្ដាលមកពីការប្រកួតប្រជែង យុទ្ធសាស្រ្ដកាន់តែខ្លាំងឡើង របស់ប្រទេសមហាអំណាច។ ថ្វីបើមានសម្ពាធលើមជ្ឈភាពអាស៊ានក្ដី ប្រទេសសមាជិក អាស៊ាន គឺមិនមានចំណាប់អារម្មណ៍ ក្នុងការជ្រើសរើសភាគីមហាអំណាចណាមួយ ហើយបន្ដគាំទ្រលើប្រព័ន្ធពហុភាគីនិយម ផ្អែកលើច្បាប់ ដែលតែងបន្ដរងការវាយប្រហារ។

-ចំពោះស្ថានភាពរដ្ឋរ៉ាខាញ កម្ពុជា លើកទឹកចិត្ដចំពោះការបន្ដ កិច្ចសន្ទនារបស់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការរៀបចំ ដំណើរមាតុភូមិនិវត្ដន៍ ប្រកបដោយ សុវត្ដិភាព សណ្ដាប់ធ្នាប់ និងសេចក្ដីថ្លៃថ្នូរ។

-ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ កម្ពុជាសូមគូសបញ្ជាក់អំពី សារៈសំខាន់នៃតួនាទីរបស់អាស៊ាន ជាពិសេសតាមរយៈយន្តការ វេទិកាតំបន់អាស៊ាន និងវិធានការកសាងទំនុកចិត្តផ្សេងៗ ក្នុងការជំរុញឱ្យមានការ វិវត្តជាវិជ្ជមាននៅឧបទ្វីបកូរ៉េ។ កម្ពុជាកោតសរសើរចំពោះគំនិតផ្តួចផ្តើមថ្មីៗ រួមគ្នារវាងប្រទេសរុស្ស៊ី អាមេរិក ចិន និងជប៉ុនក្នុងការបង្កើត ផែនការសកម្មភាព។

-ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋដែលមិនទាមទារអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង សូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះទឹកដី ហើយកម្ពុជាសង្ឃឹមថាភាគីពាក់ព័ន្ធគួរបន្តរក្សាបរិយាកាសអំណោយផលក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង ៕