មិនគួរឲ្យជឿសោះថា ម្ចាស់ក្រុមហ៊ុនផលិតហ្គេម ធំជាងគេរបស់ចិន Tencent Holdings អាចធ្វើឲ្យប្រាក់ចំណូលកើនឡើងចំនួន ៤០ពាន់លានដុល្លារអាម៉េរិក នៅសប្តាហ៍នេះ ដែលនាំមហាសេដ្ឋី Jack Ma ធ្លាក់មកឈរនៅលេខរៀងទី២ ក្នុងចំណោមអ្នកមានបំផុតរបស់ចិន ។
ក្រុមហ៊ុនផលិតហ្គេមធំជាងគេ របស់ប្រទេសនេះ បានវ៉ាដាច់ក្រុមហ៊ុន Alibaba Group Holding ក្នុងនាមជាក្រុមហ៊ុនដែល មានតម្លៃថ្លៃបំផុតនៅអាស៊ី ដោយភាគហ៊ុនរបស់ខ្លួន បានកើនឡើងលើសពី ៥០០ដុល្លារហុងកុង ក្នុងមួយសន្លឹកហ៊ុន (៦៤,៥១ដុល្លារ) នៅក្នុងការជួញដូរកាលពីថ្ងៃទី២៤ មិថុនា ជាលើកដំបូង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Pinduoduo ដែលជាកម្មវិធីទូរស័ព្ទសម្រាប់ទិញ អីវ៉ាន់ដូចក្រុមហ៊ុន Groupon ដែលគេស្គាល់ដែរថា PDD បានកើនឡើងជាងទ្វេដងនៅឆ្នាំនេះ។
ការកើនឡើងទាំងនេះ បានជួយជំរុញទ្រព្យសម្បត្តិ របស់ស្ថាបនិករបស់ក្រុមហ៊ុនទាំងនោះ។ លោកប៉ូនី ម៉ា ប្រធានក្រុមហ៊ុន Tencent ដែលមានទ្រព្យសម្បត្តិ ៥០ពាន់លានដុល្លារ បានវ៉ាឈ្នះលោក ជែក ម៉ា ដែលមានទ្រព្យសម្បត្តិ ៤៨ ពាន់លានដុល្លារដើម្បីក្លាយជា អ្នកមានបំផុតរបស់ចិន។
ជំងឺកូវីដ១៩ បានបង្កើនល្បឿននៃការធ្វើ ឌីជីថលវូបនីយកម្មកន្លែងធ្វើការ និងផ្លាស់ប្តូរទម្លាប់អ្នកប្រើប្រាស់ ដោយបង្កើនភាគហ៊ុន របស់ក្រុមហ៊ុនអ៊ីនធឺណេតជាច្រើន។ ឥឡូវមហាសេដ្ឋីបច្ចេកវិជ្ជាជាច្រើនរូប កំពុងគ្របដណ្តប់លើតារាង ចំណាត់ថ្នាក់អ្នកមានបំផុតរបស់ចិន។ ពួកគេបានកាន់កាប់ចំណាត់កំពូលចំនួន ៤ ក្នុងចំណោម ៥ ៕