ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ស្របពេលដែលជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះកម្ពុជាក៏រងផលប៉ះពាល់ ដែលធ្វើឲ្យពលរដ្ឋក្រីក្រជាង ៦សែនគ្រួសារ កំពុងប្រឈមនឹង កង្វះខាតស្បៀងអាហារ ។
តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យប្អូនជនរួមជាតិបន្ត យកចិត្តទុកដាក់ថែរក្សាការពារ សុខភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ ជំងឺឆ្លងកូវីដ១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្ដេច ប្រាប់ពលរដ្ឋកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ឲ្យសោះ។ ចំពោះទីកន្លែងដែលមាន ចំនួនមនុស្សប្រមូលផ្តុំច្រើន ដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីឲ្យពលរដ្ឋ និងអតិថិជនប្រើប្រាស់កុំឲ្យឆ្លងរោគ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា «យើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហើយក្នុងពេលនេះគឺបានធ្វើ អោយពលរដ្ឋក្រីក្រជាង ៦សែនគ្រួសារ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ» ។
នៅថ្ងៃនេះដែរ សម្ដេចតេជោ នឹងប្រកាសដាក់ឲ្យប្រើប្រាស់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩” ។
សម្ដេចក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ៕