ក្រសួងឲ្យចាត់វិធានការ ក្រោយរកឃើញ ការកាប់រាន ដីព្រៃឈើ និងព្រៃលិចទឹក នៅបន្តកើតមាន

0

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា សកម្មភាព បទល្មើសពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ការកាប់រានដីព្រៃឈើ និងព្រៃលិចទឹក ការដឹកជញ្ជូនផល អនុផលព្រៃឈើ និងការកាប់រាន ដុត ឈូសឆាយដីរដ្ឋខុសច្បាប់ នៅតែបន្តកើតមានឡើង គួរឱ្យកត់សម្គាល់នៅតាមបណ្តាខេត្តមួយចំនួន។

ជុំវិញករណីនេះ  លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ ចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ខាងលើនេះផងដែរ។

យោងតាមសេចក្ដីជូនដំណឹងស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ជលផល និងការកាប់រាន ដុត ឈូសឆាយ ដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព របស់ក្រសួងកសិកម្មលោក វេង សាខុនបានលើកឡើងថា ខ្ញុំសូមជម្រាប លោកប្រធាន ជ្រាបថា សកម្មភាព បទល្មើសពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ការកាប់រានដីព្រៃឈើ និងព្រៃលិចទឹក ការដឹកជញ្ជូនផល អនុផលព្រៃឈើ និងការកាប់រាន ដុត ឈូសឆាយដីរដ្ឋខុសច្បាប់ នៅតែបន្តកើតមានឡើង គួរឱ្យកត់សម្គាល់នៅតាមបណ្តាខេត្តមួយចំនួន។

លោករដ្ឋមន្រ្តីគួសបញ្ជាក់ថា «ដូច្នេះ ដើម្បីធានាបានប្រសិទ្ធភាពនៃ  ការគ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានព្រៃឈើ និងជលផលនោះ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ ជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្រោមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្របតាមស្មារតីអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ លេខ០៥ សរណន ខែមីនា ឆ្នាំ២០១៤ និងសារាចរណែនាំ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ »

អាស្រ័យហេតុនេះ សូមលោកប្រធាន ពិនិត្យ និងចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើតាមការគួរ៕