ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ បានសហការគ្នា ត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមី ពុលពីបរទេស តាមច្រកទ្ធាព្រំដែន អន្តរជាតិភ្នំដិន។
យោងតាម អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជាខេត្តតាកែវ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បាននាំយករថយន្ត មន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុល ពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមច្រកទ្ធាព្រំដែនអន្តរជាតិភ្នំដិន ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែមួយចំនួន ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិតរួមមាន៖
-ខ្ញីចំនួន ១ តោន
-ម្ទេសស្រស់ចំនួន ៥០០ គីឡូក្រាម
-ក្រូចខ្វិចតូចចំនួន ៥០០ គីឡូក្រាម
-ស្ពៃគួយឡេងចំនួន ២ តោន
បន្ទាប់មកមន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បានធ្វើកំណត់ និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕