ប្រយ័ត្ន! នារី៥រូប ត្រូវមេខ្យល់នាំកាត់ វាលស្រែកណ្ដាលយប់ ប្រុងយកទៅលក់នៅចិន

0

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណៈសង្គមនិយមវៀតណាម នៅពេលថ្មីនេះ បានសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ខេត្តកាវបាង វៀតណាម បានសង្គ្រោះនារីរងគ្រោះ៥រូប ដែលចាញ់បោកមេខ្យល់ នាំទៅលក់នៅប្រទេសចិន។

យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតបានឱ្យដឹងថា នារីរងគ្រោះ៥រូប ខាងលើបានចាញ់បោកមេខ្យល់ ដោយឆ្លងដែនខុស ច្បាប់ចូលវៀតណាម និងបានបញ្ជូនទៅដាក់មជ្ឈមណ្ឌល ចត្តាឡីស័ករយៈពេល១៤ថ្ងៃ ព្រមទាំងបានរៀបចំបែបបទ បញ្ជូនត្រឡប់ទៅកម្ពុជា តាមរថភ្លើងពីទីក្រុងហាណូយ នៅថ្ងៃទី២៤ ខែមិថុនា និងទៅដល់ទីក្រុងហូជីមិញ វេលាម៉ោង ០៥:០០ ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលនៅទីនោះស្ថាន អគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងហូជីមិញ ជួយសម្រួលការធ្វើដំណើរបន្តទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងមានតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសង្គមកិច្ចខេត្ត ស្វាយរៀងមកទទួល រួចបញ្ជូនបន្តទៅតាមទីលំនៅដ្ឋាន របស់គាត់រៀងខ្លួន។

នារីទាំង៥រូបនោះគឺ៖

១- នារី រងគ្រោះទី១ កើតថ្ងៃទី ០៣ ខែ សីហា ឆ្នាំ១៩៩៣ ខេត្តបាត់ដំបង។
២- នារីរងគ្រោះទី២ កើតថ្ងៃទី០៧ ខែមករា ឆ្នាំ២០០០ ខេត្តកំពង់ចាម។
៣- នារីរងគ្រោះទី៣ កើតថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១១ រាជធានីភ្នំពេញ។
៤- នារីរងគ្រោះ ទី៤ កើតថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០០២ ខេត្តកំពង់ចាម។
៥- នារីរងគ្រោះទី៥ កើតថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០០ រាជធានីភ្នំពេញ។

នារីរងគ្រោះទាំង៥រូប ឆ្នាំ២០២០ ត្រូវបានជនឆបោក នាំចេញពីភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ហើយនាំឆ្លងព្រំដែនតាមច្រកផ្លូវលំកាត់ទឹកនិងវាលស្រែពេលយប់ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិ បាវិតរួចបន្តដំណើរដល់ក្រុងហូជីមិញ។
ពីក្រុងហូជីមិញបណ្តាញ មេខ្យល់បាននាំបន្តដំណើរ ដោយរថយន្ត ទៅដល់ខេត្តកាវបាង ក្នុងគោលបំណងឆ្ពោះទៅព្រំដែនប្រទេសចិន ប៉ុន្តែត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចខេត្តនេះឃាត់ និងជួយសង្គ្រោះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា នារី៤ នាក់ ក្នុងចំណោមទាំង៥នាក់ មានឆ្នាំកំណើតកើតក្រោយឆ្នាំ២០០០ និងពុំមានលិខិតឆ្លងដែនទេ។ ស្ថានទូតបានចំណាយលើសំបុត្ររថភ្លើង ការហូបចុក និងការស្នាក់នៅ។ ស្ថានទូតបានផ្តាំផ្ញើឲ្យ សូមឈប់បាញ់បោកមេខ្យល់ ហើយពេលទៅដល់មាតុប្រទេសវិញ ខិតខំកសាងខ្លួន ប្រកបមុខរបរតាមសមត្ថភាព និងប្រាប់ដល់មិត្តភក្តិ ពីបទពិសោធន៍ដ៏លំបាកនេះ៕