ភ្នំពេញ៖ ស្ថិតក្នុងកាលៈទេសៈ ដែលវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កំពុងមានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ ក្នុងការវិលត្រឡប់មករកសភាពដើមវិញ ដោយសារវិបត្តិកូវីដ១៩នោះ សមាគមរោងចក្រ កាត់ដេរ នៅកម្ពុជា (GMAC) យល់ឃើញថា ការចរចាប្រាក់ឈ្នួល អប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ខាងមុខនេះ គួរត្រូវបានពន្យារពេល។
យោងតាមសេចក្ដីថ្លែង ការណ៍របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០បានឲ្យដឹងថា ក្នុងកាលៈទេសៈ បច្ចុប្បន្នដែលប្រទេសកម្ពុជា និងបណ្តាប្រទេសលើពិភពលោក កំពុងរងផលប៉ះពាល់ ដោយសារការរីករាលដាល ពីកូវីដ១៩ ជាក់ស្តែងក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង រោងចក្រសហគ្រាស ជាច្រើនបានផ្អាកដំណើការ សកម្មភាពផលិតបណ្តោះអាសន្ន ខណៈមួយចំនួនទៀត បានឈប់ដំណើការ។
GMAC បន្តថា ស្ថិតក្នុងកាលៈទេសៈនេះ វិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងកំពុង មានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ ក្នុងការវិលត្រឡប់ មករកសភាពដើមវិញ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងវិញ របស់វិស័យនេះ នឹងត្រូវ ចំណាយពេលយូរ។
ម្យ៉ាងវិញទៀត ក្នុងពេលបច្ចុប្បន្ន រោងចក្រយ៉ាងច្រើននៅក្នុងវិស័យនេះ បាននឹងកំពុងព្យួរការងារ និងមានរោងចក្រចំនួនមួយចំនួនកំពុងបិទទ្វារ វិស័យនេះ។
ទាក់ទងជាមួយបញ្ហានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) យល់ឃើញថា “ការចរចាប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ខាងមុខនេះ គួរត្រូវបានពន្យារពេល”៕