ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារបានដោះស្រាយ វិវាទជូនពលរដ្ឋដែល រងផលប៉ះពាល់ពីការសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីបានចំនួន ១៧៣គ្រួសារ ។
ក្នុងឱកាស អញ្ជើញពិនិត្យមើល ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅ ខេត្តកណ្តាល លោកជា សុផារ៉ា បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលកំពុងសាងសង់ នាពេលនេះមានទំហំ ២៦០០ហិកតា ក្នុងនោះទំហំដី ៩២៦ហិកតា ស្មើនឹង ៣៥ភាគរយ ជារបស់ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ខៀវសែ ទំហំដី ១៦៧៣ហិកតា ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុននានា ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា “ក្រុមការងារបានជួយ សម្របសម្រួល ដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលមានដីឋិតនៅក្នុងទីតាំង អនុវត្តគម្រោង ទទួលបានលទ្ធផល ដូចខាងក្រោម៖ ដោះស្រាយបញ្ចប់ ជាមួយប្រជាពលរដ្ឋ ចំនួន១៧៣គ្រួសារ ដែលរស់នៅក្នុងសំណង់បណ្ដោះអាសន្ន តាមបណ្ដោយទំនប់ ៥៤, ៩២, ៩៤ តាមរយៈការផ្ដល់គោលនយោបាយ ជាថវិកា និងផ្ដល់ដីសម្រាប់ជូនប្រជាពលរដ្ឋ” ៕