ព្រលានយន្តហោះភ្នំពេញថ្មី សាងសង់លើផ្ទៃដី ២.៦០០ហិកតា ក្រោមទុនវិនិយោគ ១.៥០០លានដុល្លារ

0

ភ្នំពេញ៖ ព្រលានយន្តហោះថ្មីនេះ ដែលមានទីតាំង ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅស្រុកបាទី ខេត្តតាកែវ សាងសង់លើផ្ទៃដីទំហំប្រមាណ ២.៦០០ហិកតា ក្រោមទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារ ខណៈមកដល់ពេលនេះសម្រេចបានប្រមាណ ៣០% ហើយ ។

យោងតាងមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២២ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅខេត្តកណ្តាល ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់ ១.១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារ ជារបស់ក្រុម CAIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារ ដែលនឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣ ខាងមុខ។

សម្ដេចបន្តថា វត្តមានអាកាសយានដ្ឋាន អន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាបញ្ហា ជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។ សម្តេចថា ការរក្សាបាននូវដំណើរការ សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារ ដល់ប្រជាពលរដ្ឋដែលកំពុង ជួបវិបត្តិការងារដោយសារ ជំងឺកូវីដ១៩ផងដែរ នេះគឺជាគោលដៅមួយសំខាន់ សំរាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការបំពេញតម្រូវការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រុមហ៊ុនជួយ ស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ ពីព្រោះបឹងជើងលោងនេះ មិនត្រឹមតែដោះស្រាយបញ្ហាទឹក សម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ តែក៏ជួយបញ្ចៀសជំនន់ទឹក ព្រែកត្នោតផងដែរ។

សម្តេចតេជោក៏បានមាន ប្រសាសន៍ផងដែរថា ពេលនេះយើងកំពុងសាងសង់ អាកាសយានដ្ឋានចំនួន ៣ទីតាំង៖ ទី១.នៅទីនេះ ទី២.នៅខេត្តសៀមរាប និងទី៣.កងកេងនៅខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រាប់ឲ្យអាជ្ញាធរក្រុង ខេត្តទាំង៣ មានរាជធានីភ្នំពេញ កណ្តាល និងខេត្តតាកែវ ត្រូវរួមសហការគ្នា និងសម្របសម្រួល ជាមួយក្រុមហ៊ុនដើម្បី ឲ្យការងាសាងសង់នេះមានភាពរលូន។ សម្តេចតេបន្តថា ចំពោះអាកាសយានដ្ឋានអន្តរជាតិ នៅពោធិ៍ចិនតុង គឺទុកនៅដដែរ តែអាចទៅជាព្រលាន សម្រាប់យោធាកងទ័ព ទី២.ប្រើសម្រាប់ការហោះហើផ្ទៃក្នុង ទី៣.ប្រើសំរាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងទី៤.ប្រើសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំផ្លូវការនានា ៕