រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសដាក់ឲ្យ ប្រើប្រាស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសដាក់ឲ្យ ប្រេីប្រាស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ទោះបីខ្ញុំមិនបានចុះទៅ ជួបបងប្អូនកូនក្មួយដោយផ្ទាល់ នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំ តែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិ គ្រប់ៗគ្នាជានិច្ច។ ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយ ប៉ះពាល់យ៉ាងខ្លាំងមក លើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូន ប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទដាច់ស្រយាលមួយចំនួន ក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ”។

សម្ដេចបានឲ្យដឹងបន្ថែមថា “រាជរដ្ឋាភិបាលកម្ពុជា បានខិតខំរិះរកវិធីនានាដែលអាចធ្វើបាន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់អោយ ប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។
សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព កុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ”។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែង ដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសគ្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋនិងឯកជនត្រូវមានទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋ ឬអតិថិជនប្រើប្រាស់ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ព្រោះតែការមើលស្រាល និងការធ្វេសប្រហែស។

សូមជូនពរបងប្អូនចៀសផុត ពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភពក្នុងការធ្វើដំណើរ ជិតឆ្ងាយនៅទូទាំងប្រទេស៕