ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ប្រទេសកម្ពុជា នឹងកើតមានបាតុភុត សូរ្យគ្រាសចិញ្ចៀនភ្លើង គេហៅថា Annular Solar Eclipse ហើយក៏ជា បាតុភូតសូរ្យគ្រាសដំបូងបំផុត ប្រចាំទសវត្សរ៍នេះ ។
មូលហេតុដែលគេហៅវាបែបនេះ គឺដោយសារ វាកើតឡើងនៅពេល យើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះច័ន្ទបាំង ព្រះអាទិត្យមែន តែមិនជិតឈឹង ឬធ្វើឲ្យងងឹតតែម្តងនោះឡើយ ព្រោះព្រះច័ន្ទមើលទៅ រាងតូចជាងព្រះអាទិត្យ ដែលប្រការនេះបណ្តាលឲ្យ សូរ្យគ្រាសនោះ មើលទៅដូចជាចិញ្ចៀនភ្លើង មួយយ៉ាងដូច្នោះ ។
ដ្បិតកម្ពុជាយើងអាចមើលឃើញ បាតុភូតសូរ្យគ្រាសនោះពិតមែន ប៉ុន្តែវានឹងបង្ហាញខ្លួនត្រឹមជា លក្ខណៈបាតុភូតសូរ្យគ្រាស មិនពេញលេញ (Partial Solar Ecipse) តែប៉ុណ្ណោះ។ សម្រាប់កន្លែងដែលមាន ឱកាសមើលឃើញវាក្នុងទម្រង់ពេញជា Annular Solar Eclipse តែម្តង គឺប្រទេសមួយចំនួននៅអាហ្វ្រិក ប៉ាគីស្ថាន ឥណ្ឌា និងចិន ជាដើម។
សម្រាប់នៅប្រទេសកម្ពុជា យើងនឹងមើលឃើញវា ជាសូរ្យគ្រាស មិនពេញលេញ នៅខ្ទង់វេលាម៉ោង ២រសៀល ដល់ម៉ោងខ្ទង់ ៣រសៀល ហើយនៅម៉ោង ៤រសៀល វានឹងបាត់ទៅវិញ។
គួរជម្រាបថា សូរ្យគ្រាសខាងលើគឺជា បាតុភូតសូរ្យគ្រាសដំបូងបំផុត ប្រចាំទសវត្សរ៍នេះ។ ក្នុងឆ្នាំ២០២០នេះ គឺមានបាតុភូតសូរ្យគ្រាសសរុបចំនួន ២ ដោយមួយលើកទៀត នឹងកើតឡើងនៅខែធ្នូ ជាសូរ្យគ្រាសពេញធម្មតា (Total Solar Eclipse) ដែលនឹងអាចមើលឃើញតែនៅ តំបន់ អាមេរិក ខាងត្បូងប៉ុណ្ណោះ។ កាលពីខែធ្នូ ឆ្នាំ២០១៩ បាតុភូតសូរ្យគ្រាស Annular Solar Eclipse ក៏បានកើតឡើងដែរ ហើយកាលនោះកម្ពុជា អាចមើលឃើញវា ក្នុងទម្រង់ជាសូរ្យគ្រាសមិនពេញលេញ ៕