ប្រមុខការពារជាតិ បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-វៀតណាម គ្មានថ្ងៃអ្នកណាអាចមក បំបែកបំបាក់បានឡើយ

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គ្មានថ្ងៃបែកបាក់ឡើយ ទោះបីមានអ្នកព្យាយាមបំបែកបំបាក់ យ៉ាងណាក៏ដោយ ។

ក្នុងពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅរក ការផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី២០ មិថុនានេះ សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជា និងវៀតណាម ត្រូវធ្វើឲ្យបាននូវផ្លូវប្រវត្តិសាស្ដ្រ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ បានដឹងប្រវត្តិសាស្ដ្រ រវាងប្រទេសទាំងពីរ ។ សម្ដេចថា មិនត្រឹមតែអប់រំកូនចៅជំនាន់ក្រោយ តែមួយមុខទេ ប៉ុន្តែអាចទប់ស្កាត់ពួកជនអគតិ មានបំណងចង់បំបែកបំបាក់ សាមគ្គីភាពរវាង កម្ពុជា-វៀតណាម យ៉ាងមានប្រសិទ្ធភាព ។

សម្ដេចបន្ថែមថា កម្ពុជានិងវៀតណាម ពឹងពាក់គ្នាគ្រប់ពេលវេលា ហើយមានសារៈសំខាន់ខ្លាំងណាស់ ជាមួយនឹងការរួបរួមគ្នា ដើម្បីសិក្សាឲ្យបាន ច្បាស់លាស់ជាមួយគ្នា ពេលដែលមានគ្រាលំបាក ហើយលំបាកជាមួយគ្នា ដល់ពេលមានភាពងាយស្រួល ក៏ទៅជាមួយគ្នាដែរ ដើម្បីសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក។

សម្ដេច ទៀ បាញ់ បញ្ជាក់ថា «ពួកអាស្រែកព្រួស តាមនេះ តាមនោះ អាចនិយាយបានថា គឺមិនឈប់ មិនឈរទេ រឿងស វាថាខ្មៅ ធ្វើអីវារឿងមិនពិត វាថាពិត ទៅធ្វើអីវា។ ជាពិសេសការបំបែកបំបាក់ កម្ពុជា-វៀតណាម គឺជាគោលដៅធំបំផុត របស់ពួកជនអគតិ។ ដូច្នេះ យើងកសាងអ្វីដែលជា តឹកតាងច្បាស់លាស់ថា គ្មានទេគ្មានជាដាច់ខាត ការបំបែកបំបាក់ទេ។ កូនចៅ ឬក៏ក្មួយៗ យើងជំនាន់ក្រោយៗ ត្រូវដឹងច្បាស់ គ្មានទេ មានលំបាក់យ៉ាងក៏ដោយ គឺកម្ពុជា-វៀតណាម គឺនៅរួបរួមរស់ជាមួយគ្នា មូលហេតុភូមិសាស្ដ្រជាប់គ្នា គឺមិនមានដាច់ខ្សែរយៈទេ» ។

សម្ដេចគូសបញ្ជាក់ថា រឿងទាំងនេះ មិនមែនជារឿងធម្មតាឡើយ ដូច្នេះត្រូវធ្វើអ្វីៗ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានដឹងថា កម្ពុជា-វៀតណា មានប្រវត្តិតស៊ូ ជាមួយគ្នា ៕