កិច្ចចរចាពាណិជ្ជកម្មសេរី កម្ពុជា-ចិន បញ្ចប់ដោយជោគជ័យខណ:ការនាំ​ចេញទៅ​ចិន នឹងមានកំណេីន ២០%

0

ភ្នំពេញ​៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រុមការងារបច្ចេកទេស ទើបបញ្ចប់ដោយជោគជ័យលើកិច្ចចរចា ពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ហើយកម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញទៅកាន់ទីផ្សារ ប្រទេសចិនប្រមាណជា ២០ភាគរយ។ នេះបេីយោង​តាម​គេហទំព័រ​ ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​។

  1. ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។

លករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសងខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ និងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងឆ្នាំ២០២០នេះ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីលើកដំបូង សម្រាប់កម្ពុជា។ 

លោករដ្ឋមន្ត្រីបានអះអាងថា ផ្អែកលើគោលការណ៍រួមដែលបានឯកភាពគ្នាដោយក្រុមចរចានោះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរឯកភាពលើកិច្ចព្រមព្រៀង និងការបើកច្រកទីផ្សារដែលបានស្នើឡើងនោះ កំណើននាំចេញពីកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ ២០ភាគរយ។

សូមបញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី គឺជាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង។ ការផ្តួចផ្តើមបង្កើតនូវកិច្ចព្រមព្រៀងនេះ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជន របស់ប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្មឱ្យបានល្អ និងត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឱ្យកាន់តែសកម្មថែមទៀត ហើយត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗនានា ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជាការគ្រប់គ្រង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះទើបតែដាក់ ឱ្យប្រើប្រាស់ថ្មីៗជាដើម។

លោករដ្ឋមន្ត្រី បានបន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវសហការជាមួយអាជ្ញាខេត្ត អនុវត្តការងារ វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល អំពីការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់ និងត្រូវចុះពង្រឹងការអនុវត្តបទប្បញ្ញត្តិនានា ទាក់ទងនឹងការលើកស្លាក យីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀតដែលមានលក្ខណៈ មិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល។ ហើយមិនត្រូវចាំតែក្រុមការងារ ពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើទេ ត្រូវចេះម្ចាស់ការដោយខ្លួនឯង ពិសេសបំផុតនោះ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង៕