ភ្នំពេញ៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៩ មិថុនានេះបានលែង កូនកន្ធាយក្បាលកង្កែប ឬល្មិចចំនួន ១០០ក្បាល ចូលក្នុងជម្រកធម្មជាតិ នៃដងទន្លេមេគង្គ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ។ នេះបើយោងតាម WCS ។
ពិធីលែងនេះបានធ្វើឡើងក្រោមអធិតីភាពលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងជាប្រធានដឹកនាំគណៈប្រតិភូ និងមានអញ្ជើញចូលរួម ពីលោកអភិបាលរង ខេត្តក្រចេះ តំណាងរដ្ឋបាលជលផល ខណ្ឌជលផលខេត្តក្រចេះ ទីភ្នាក់ងារជំនួយអាមេរិក USAID គម្រោងព្រៃឡង់បៃតង (USAID-GPL) សមាជិកសហគមន៍នេសាទ ក្រុមអ្នកការពារសំបុកល្មិច ឆ្មាំទន្លេ និងអង្គការwcs។
បច្ចុប្បន្ន អង្គការWCS កំពុងអនុវត្ត «គម្រោងអភិរក្សកន្ធាយក្បាលកង្កែប» នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ គម្រោងនេះ គាំទ្រដោយសហភាពអឺរ៉ុប សួនសត្វព្រៃស៊ីងហ្គាពួរ (WRS), USFWS, Margaret A. Cargill Philanthropy និង Turtle Survival Alliance (TSA)៕



