ស្ដែងៗ!​រថភ្លើង ​បុករថយន្ត អូសរាប់រយម៉ែត្រ

0

ភ្នំពេញ​៖រថយន្ដ​មួយគ្រឿង បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង តែ​មិន​ផុត​ត្រូវ​រថភ្លើង​បុក​ចំ ផ្នែក​ខាងក្រោយ​ពេញទំហឹង អូស​ជាង​១០០​ម៉ែត្រ ប៉ុន្ដែ​ សំណាងល្អ​មិនមាន​អ្នកណា​រងគ្រោះថ្នាក់​នោះទេ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០​នេះ ស្ថិត​ក្នុងភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​តាមរយៈ​វីដេអូ​នេះ បាន​បង្ហាញថា រថយន្ដ​នៅខាងមុខ​បាន​ឈប់​ដើម្បី​ឲ្យ​រថភ្លើង​មួយ​ខ្សែ​ឆ្លងកាត់ បន្ទាប់​រថយន្ដ​មួយគ្រឿង ម៉ាក Ford Ranger ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AC-2252 មិនបាន​ឈប់​នោះទេ ដោយ​ព្យាយាម​បើក​ទៅមុខ​ឲ្យ​ផុត ដើម្បី​បាន​ទៅមុន​រថភ្លើង ប៉ុន្ដែ​មិនបាន​សម្រេច​ក៏ត្រូវ​រថភ្លើង បើក​ចំ​ផ្នែក​ខាងក្រោយ​ពេញទំហឹង​តែម្ដង​។​

​ក្រោយ​បុក​អូស​ជាង​១០០​ម៉ែត្រ រថយន្ដ​បាន​ធ្លាក់​ទៅ​ម្ខាង​ទៀត​នៃ​កំណាត់​ផ្លូវដែក ដោយ​រង​ការខូចខាត​ពេញទំហឹង​ផ្នែក​ខាងក្រោយ ប៉ុន្ដែ ​សំណាងល្អ​ខ្លាំងណាស់ ដោយ​ក្នុង​រថយន្ដ​នោះ មិន​បណ្ដាល​ឲ្យ​នរណាម្នាក់​រងគ្រោះថ្នាក់​នោះទេ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានផ្ដល់​ជា​បទពិសោធន៍​បន្ថែម ដល់​អ្នកបើកបរ​ដែល​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ទាំងអស់ ត្រូវ​ឈប់​ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​រថភ្លើង​បានធ្វើ​ដំណើរ​ទៅមុន ព្រោះថា​រថភ្លើង​មិនអាច​ជាន់​ហ្វ្រាំង​ឈប់​ភ្លាមៗ​ដូច​រថយន្ដ​នោះទេ​៕