ភ្នំពេញ៖ ជនសង្ស័យដែលជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធករណីគ្រឿងញៀនជាង ៣១គីឡូក្រាម។
យោងតាមអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការសម្របសម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស គ្រឿងញៀន នៅចំណុចផ្ទះលេខ៥៧E1 ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ NGUYEN NGOC QUI ភេទប្រុស កើត 28/09/1990 ជនជាតិ វៀតណាម កាន់អត្តសញ្ញាណប័ណ្ណ(វៀតណាម) លេខ 351862299 និងចាប់យកសារធាតុញៀន សរុបទម្ងន់ ៣១,៧០៥.០៦ ក្រាម រួមមាន ៖ ១-កេតាមីន រាវ (Ketamine) ៣០០០ដប ស្មើទម្ងន់ 31,650g, ២-កេតាមីន (Ketamine) ទម្ងន់ 4.48g, ៣-អ៊ិចស្តាស៊ី (MDMA) ស្មើទម្ងន់ 33.28 g, ៤-មេតំហ្វេតាមីន (ICE) ស្មើទម្ងន់ 4.09 g, ៥-មេតំហ្វេតាមីន (គ្រាប់) ទម្ងន់ 13.21g និងរថយន្ត ១គ្រឿង ទូរស័ព្ទដៃ ១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដេីម្បីចាត់ការតាមនីតិវិធី ៕