ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី បានជំរុញសហគមន៍អន្តរជាតិ ឲ្យដាក់របៀបវារៈនយោបាយ ដែលខុសគ្នារបស់ពួកគេដោយឡែក ដោយងាកធ្វើសកម្មភាពរួមគ្នាវិញ ក្នុងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រាវិបត្តិកូវីដ១៩ ដ៏លំបាកនេះ ។ នេះបើយោងយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ។
កាលពីរសៀលថ្ងៃទី១៧ មិថុនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីជម្ងឺឆ្លងកូវីដ-១៩ ។ សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី បានធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិសេសនេះ ជាមួយសហព័ន្ធរុស្ស៊ី ។
កិច្ចប្រជុំពិសេសនេះ ជាផ្នែកមួយនៃភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-រុស្ស៊ី និងជាឱកាសមួយសម្រាប់ ភាគីទាំងពីរពិភាក្សាគ្នា លើមធ្យោបាយនានា ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ជាពិសេសក្នុងវិស័យ សុខភាពសាធារណៈ ដើម្បីទប់ស្កាត់ផលប៉ះពាល់ លើសេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩។
អាស៊ាន និងរុស្ស៊ី បានជំរុញសហគមន៍អន្តរជាតិ ឱ្យដាក់របៀបវារៈនយោបាយ ដែលខុសគ្នារបស់ពួកគេដោយឡែក ដោយងាកធ្វើសកម្មភាពរួមគ្នាវិញ ក្នុងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រាដ៏លំបាកនេះ។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃមជ្ឈភាពអាស៊ាន និងតួនាទីឈានមុខរបស់អាស៊ាន ក្នុងការរក្សានិម្មាបនកម្ម តំបន់ដែលមានស្រាប់ ឱ្យឆ្លើយតបទៅនឹងការគំរាមកំហែងធំៗ ដូចជាជម្ងឺឆ្លងកូវីដ-១៩ ជាដើម។
កិច្ចប្រជុំក៏បានស្វាគមន៍ ការបង្កើតមូលនិធិអាស៊ាន សម្រាប់ឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩ និងឆន្ទៈរបស់រុស្ស៊ី ក្នុងការចូលរួមចំណែក ដល់មូលនិធិសម្រាប់ឆ្លើយតប ទៅនឹងជម្ងឺកូវីដ-១៩នេះ ដោយប្រើប្រាស់ធនធាន មូលនិធិហិរញ្ញវត្ថុនៃភាពជាដៃគូ សន្ទនាអាស៊ាន-រុស្ស៊ី សម្រាប់ការអនុវត្តគម្រោងរួមគ្នា ក្នុងគោលបំណងប្រយុទ្ធប្រឆាំង នឹងគ្រោះអាសន្នសុខភាពសាធារណៈ។
ក្នុងអំឡុងពេលនៃ កិច្ចប្រជុំពិសេសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រុស្ស៊ី និងបណ្តាប្រទេសសមាជិក អាស៊ាននានា ដែលបានផ្តល់ការព្យាបាល និងការថែទាំដល់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវទស្សនៈ មួយចំនួនដូចខាងក្រោម៖
-ដើម្បីប្រយុទ្ធប្រឆាំងនឹង ការគំរាមកំហែងនាពេលអនាគត ដូចជាជម្ងឺរាតត្បាតជាដើម ពហុភាគីនិយមគឺជាអ្វីដែលមិនអាចខ្វះបាន ដោយសារបណ្តាប្រទេសនានា ត្រូវការការសម្របសម្រួល និងការឆ្លើយតបរួមគ្នាថែមទៀត ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ និងភស្តុតាង។ ប្រទេសទាំងអស់ចាំបាច់ ត្រូវទទួលបានទាន់ពេលវេលា និងដោយគ្មានការរារាំង នូវថ្នាំបង្ការ និងវ៉ាក់សាំងដែលប្រកបដោយ
គុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដែលជាទំនិញរួមរបស់ពិភពលោក។
-ភាគីទាំងពីរ គួរតែបន្តទាញការគាំទ្របន្ថែមទៀត ពីដៃគូក្នុងតំបន់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីជំរុញសេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ឆ្នាំ២០១៨-២០២២ ដែលផ្តល់អាទិភាពដល់ កិច្ចសហប្រតិបត្តិការលើ «បញ្ហាសុខភាពពិភពលោក និងជម្ងឺឆ្លងរាតត្បាតនានា»។
-ដោយទទួលស្គាល់នូវ តួនាទីចម្បងរបស់អង្គការ សុខភាពពិភពលោក នៅក្នុងការប្រយុទ្ឋប្រឆាំងនឹង
ជម្ងឺកូវីដ-១៩ កម្ពុជារីករាយដែលអាស៊ាន និងរុស្ស៊ីបានគាំទ្រការអនុម័ត សេចក្តីសម្រេចចិត្តដោយសម័យ ប្រជុំសភាសុខភាពពិភពលោក កាលពីខែឧសភាកន្លងមក និងបានទទួលស្គាល់សារៈសំខាន់ នៃការអនុវត្តវិធានការសុខភាពនានា ស្របតាមសារាចរសុខភាពអន្តរជាតិ ឆ្នាំ២០០៥។
-អាស៊ាន និងរុស្ស៊ី អាចធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានច្រើនថែមទៀត ដើម្បីធ្វើឱ្យសេដ្ឋកិច្ច
រីកលូតលាស់ឡើងវិញ តាមរយៈការធ្វើលំហូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យបានខ្លាំងក្លាបំផុត ដែលជាផ្នែកមួយនៃ ដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជម្ងឺកូវីដ-១៩។
-ក្នុងនាមជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី សម្រាប់ឆ្នាំ២០២១-២០២៤ ខាងមុខ កម្ពុជានឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីថែបំប៉ន និងពង្រឹងថែមទៀតនូវទំនាក់-ទំនងដៃគូសន្ទនានេះ ដើម្បីជាប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់យើងទាំងអស់គ្នា។
កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាស នៃកិច្ចប្រជុំពិសេសរវាង រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ីស្តីពីជម្ងឺឆ្លងកូវីដ-១៩ ហើយទន្ទឹងរង់ចាំការចូលរួម បន្ថែមទៀតរវាងអាស៊ាន និងរុស្ស៊ី ដើម្បីសម្របសម្រួលការឆ្លើយតបរួមគ្នា ចំពោះបញ្ហាសុខភាពពិភពលោក ៕