ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៩:០០។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បស់ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សាធារណរដ្ឋប្រជាមានិតចិន ហើយនឹងដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានរដ្ឋមន្រ្តីការបរទេសនៃ ដៃគូក្របខ័ណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ចំនួនប្រមាណ២០ប្រទេស អគ្គនាយកអង្គការសុខភាពពិភពលោក និងតំណាងជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការគាំទ្រគ្នាទៅវិញទៅមក និងបង្កើនកិច្ច ប្រឹងប្រែងតាមរយៈយន្តការតំបន់ និងអន្តរជាតិ ក្នុងការគ្រប់គ្រង និងជំនះឲ្យបានលើការ រាតត្បាតដោយជម្ងឺកូវីដ-១៩ ជំរុញការតភ្ជាប់ និងស្រោចស្រង់សេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយពីជម្ងឺកូវីដ-១៩ ក៏ដូចជាធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែងក្នុងក្របខ័ណ្ឌ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ៕