ភ្នំពេញ៖ លោកងិន ឆាយ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានដាក់ក្ដីសង្ឃឹមថា នៅឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា នៅលើពិភពលោក នឹងមានការកើនឡើងរហូតដល់ទៅជិត១លានតោន។
ក្នុងសន្និសីទសារព័ត៌មានស្តីពី “សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ”នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកងិន ឆាយ បានឲ្យដឹងថា គិតត្រឹមរយ:ពេល ៥ខែនៅឆ្នាំ២០២០នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក បានចំនួន៣៥.៦០០០តោន បើធៀបនឹងរយ:ដូចគ្នា នៅឆ្នាំ២០១៩ ចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់។
លោក ងិន ឆាយ បញ្ជាក់ថា “ទំហំនៃការនាំចេញរបស់យើង ខ្ញុំសង្ឃឹមថាជាពិសេសអង្ករ នៅឆ្នាំនេះ តាមការប៉ាន់ស្មាន ប្រហែលជា អាចបានជិត១លានតោន ប្រសិនបើជាតាមសន្ទុះនៃការកម្ម៉ង់ ឬមួយក៏ ការប៉ាន់ស្មានពីសហព័ន្ធស្រូវអង្ករយ៉ាងហោចណាស់ ក៏យើងបានប្រហែលជា៨០ម៉ឺនតោនអីដែរ”។
លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជា បាននាំចេញកសិផលទាំងអស់ សរុបចំនួន ជាង៤លានតោន៕