ភ្នំពេញ៖ ដោយមានការសហការ ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងអាជ្ញាធរដែនដី មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី១៦ មិថុនា បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
យោងតាមហ្វេសប៊ុក អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើ សំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតបានទំនិញ ហួសកាលបរិច្ឆេទសរុបបានចំនួន ៥១.៤៣៥គីឡូក្រាម និង ១៧១.៦៩៥ លីត្រ។
មន្រ្តីជំនាញបានធ្វើកំណត់ ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕


