ដំណឹងល្អ! កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា -ចិន នឹងបញ្ចប់ការចរចា ក្នុងពេលដ៏ខ្លីខាងមុខ

0

ភ្នំពេញ ៖ ជាមួយនឹងការស្វាគមន៍ ចំពោះការសម្រេចបានការព្រមព្រៀងជាឯកច្ឆ័ន្ធពេលចរចាជុំទី៣នោះ កម្ពុជា-ចិន រំពឹងថា នឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៥។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៥ ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដឹកនាំដោយសហប្រធានលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកិច្ចប្រជុំនេះ កម្ពុជា-ចិន បានឯកភាពគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនាពេលវេលាសមស្រប និងលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា និងអនុវត្តន៍គម្រោងសហប្រតិបត្តិការក្នុងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ការពារបរិស្ថាន និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

កម្ពុជា-ចិន នឹងពន្លឿនការអនុវត្តពិធីសារ ស្ដីពី ការនាំចេញស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលបានចុះហត្ថលេខាថ្មីៗនេះ និងសកម្មពង្រីការនាំចេញ ចេក ដំឡូងមី និងផលិតផលកសិកម្មកម្ពុជា ដែលមានគុណភាពផ្សេងទៀត។ កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ កូវីដ-១៩ ព្រមទាំង សុខភាពសាធារណៈ ដោយចែករំលែកព័ត៌មានស្ដីពីការស្រាវជ្រាវ និងការអភិវឌ្ឍវ៉ាក់សាំង និងឱសថ។

ជាមួយគ្នានេះ កម្ពុជា-ចិន ឯកភាពគ្នាបង្កើតយន្តការផ្លាស់ប្ដូរមន្ត្រីបន្ទាន់ និងបង្កើតច្រកបៃតងសម្រាប់ទំនិញ ដែលនឹងត្រូវពិភាក្សាបញ្ចប់បន្តទៀត ដើម្បីរក្សាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់ឧស្សាហកម្ម។ ភាគីទាំងពីរ សន្យារួមគ្នាជំរុញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ រួមទាំងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពហុបំណង និងគម្រោងវិនិយោគធំៗជាច្រើនទៀត។ ទន្ទឹននេះ ភាគីទាំងពីរ ឯកភាពគ្នាចរចាលើផែនការអនុវត្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ វប្បធម៌ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕