លឿនមែន! ភ្លេចខ្លួន ស្ពានថ្មថ្មី សង់អមស្ពានថ្មរូបតោចាស់ ឆ្លងស្ទឹងសង្កែ សង់បាន៨០ភាគរយហើយ

0

ភ្នំពេញ៖ បើអាកាសធាតុល្អ សល់តែរយៈពេលតែពីខែទៀតប៉ុណ្ណោះ ស្ពានថ្មថ្មី ឆ្លងស្ទឹងសង្កែខេត្តបាត់ដំបង ដែលសង់អមស្ពានថ្មចាស់ ដែលមានរូបតោពីរ អង្គុយក្បាលស្ពាននោះ នឹងសាងសង់រួចហើយ ខណៈការសាងសង់ សម្រេចបាន៨០ភាគរយ ហើយ នេះបើតាមក្រុម បច្ចេកទេស។នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។

ការអោយដឹងនេះ ខណៈលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យការសាងសង់ស្ពានថ្មថ្មី ទល់មុខអគារសាលាខេត្តបាត់ដំបង នេះកាលពីល្ងាចថ្ងៃអង្គារ៍ទី១៦មិថុនា។

លោកអភិបាល បានពិនិត្យអំពីលក្ខណៈបច្ចេកទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។

សូមបញ្ជាក់ផងដែរថា៖ ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយ និង ស្ពានថ្មចាស់ ដែលមានប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាល ជាង ១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្វនូវពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះដោយកងកម្លាំងវិស្វកម្ម។

ស្ពានថ្មថ្មី ដែលសាងសង់ទន្ទឹមស្ពានថ្មចាស់នេះ មានរចនាបថដូចគ្នាទៅ និងស្ពានថ្មចាស់ ដែលបណ្តោយប្រវែង ១០០ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ឆាប់នេះផងដែរ៕