ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ ប្រជាពលរដ្ឋកុំឲ្យគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លង រាតត្បាតកូវីដ១៩ ឲ្យសោះទោះបីរស់នៅទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ចូលរួម ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លង ក្នុងប្រទេសយើងមានចំនួន តិចតួចក៏ដោយ។ ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាត ដ៏សាហាវបំផុតដែលមកទល់ពេលនេះ ចំនួនអ្នកឆ្លងរោគលើពិភពលោក បានកើនឡើងគួរអោយ បាមរម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់ទាន់មានដែរ”។
សម្ដេចតេជោឲ្យដឹងបន្ថែមថា “សូមដល់បងប្អូនប្រជាពលរដ្ឋ ប្រើម៉ាសពាក់ការពារហើយ ឧស្សាហ៍ដុសសម្អាតលាងដៃ ជាមួយសាប៊ូ អាល់កុលឬចឹល។ កុំទៅកន្លែងដែលមានការ ប្រមូលផ្តុំមនុស្សច្រើនបើគ្មានការចាំបាច់។ បើដឹងថាខ្លួនឯងសុខភាពល្អហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលលើជំងឺឆ្លង រលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាតលឿន សាហាវខ្លាំងណាស់”។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យដឹងបន្តថា ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគកូវីដ-១៩បានកើនឡើង 7,410,510 នាក់ហើយ រីឯចំនួនអ្នកស្លាប់ក៏បាន កើនឡើងប្រមាណ 418,294 នាក់ដែរ។
សូមបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ អោយសោះ ទោះបីរស់នៅទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។ បើមានការសង្ស័យចំពោះ អាការះរោគសញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មី ដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។ សូមជូនពរបងប្អូនជនរួមជាតិ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំអស់គ្នា ៕