ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអះអាងនៅព្រឹកថ្ងៃទី១៣ មិថុនានេះថា ចាប់ពីថ្ងៃទី៧ ដល់១២ មិថុនា ២០២០ នៅខេត្តបន្ទាយមានជ័យ មានករណីពុលស្រាសរុបចំនួន ៤៣នាក់ (ស្រី១នាក់) ក្នុងនោះស្លាប់ ៧នាក់ (ប្រុសទាំងអស់)។
CDC ឲ្យដឹងបន្ថែមថា ករណីពុលស្រានេះកេីត មានក្នុងស្រុកម៉ាឡៃ ចំនួន៤កន្លែងនិងក្រុងប៉ោយប៉ែត ចំនួន៣កន្លែង បណ្តាលមកពីស្រាថ្នាំ មិនមានប្រភពច្បាស់លាស់ ។
នាយកដ្ឋានសូមដាស់តឿនជាថ្មី ដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងកំឡុង ពេលកំពុងមានការផ្ទុះឡេីងនៃជំងឺកូវីដ-១៩ ព្រោះទទួលទានស្រាលបណ្តាលឱ្យ យេីងធ្វេសប្រហែស និងងាយឆ្លងជំងឺកូវីដ-១៩ ។
ដូចនេះស្រានៅតែជាមូលហេតុ សំខាន់ក្នុងចំណោមការពុល ចំណីអាហារជាច្រើនដែលប្រជាពលរដ្ឋ កំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាល នៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹង ពីហានិភ័យដែលបណ្តាលមក ពីការទទួលទានស្រា ។ សូមស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមេត្តា ពង្រឹងការត្រួតពិនិត្យសិប្បកម្ម និងទីតាំងផលិតស្រា ជាពិសេសលប់បំបាត់ ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញ ៕