ភ្នំពេញ៖ ដើម្បីចូលរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហារាតត្បាត នៃជំងឺកូវីដ-១៩ និងជាពិសេសដើម្បីទប់ស្កាត់ ការរាលដាលនៃជំងឺនេះនៅកម្ពុជា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលរួមមានគ្រឿងបរិក្ខាវេជ្ជសាស្ត្រ និងជំនួយបច្ចេកទេស គិតជាទឹកប្រាក់ចំនួន ៦.៣២០.១៦៧ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់សេវាកម្មគម្រោង (UNOPS) ។
យោងតាមសេចក្ដីបរកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ដោយទទួលស្គាល់ពី សមានចិត្តគាំទ្ររបស់ រដ្ឋាភិបាលជប៉ុនក្នុងកំឡុងពេល និងកាលៈទេសៈលំបាកមិនធ្លាប់មាននេះ រាជរដ្ឋាភិបាលកម្ពុជា សូមប្តេជ្ញាប្រើប្រាស់ជំនួយ សង្រ្គោះបន្ទាន់ដ៏មានតម្លៃនេះ ដើម្បីដោះស្រាយប្រកបដោយ ប្រសិទ្ធភាពនូវគ្រោះមហន្តរាយ សុខភាពសកលបណ្តាលពីជំងឺកូវីដ-១៩ និងស្តារឡើងវិញចំពោះ ផលប៉ះពាល់ទាំងឡាយ ផ្នែកសេដ្ឋកិច្ចនិងសង្គម ព្រមទាំងធានាបាននូវ សុខុមាលភាពរបស់ប្រជាជនកម្ពុជា ។
រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយសង្រ្គោះបន្ទាន់ ដ៏មានតម្លៃនេះរបស់ រដ្ឋាភិបាលជប៉ុន ៕