ជីវិតត្រីដែលនៅសេសសល់ ក្នុងកសិន្ធុប្រាសាទបាគង មានសង្ឃឹមឡើងវិញហើយ

0

ភ្នំពេញ៖​ លោក សូប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនានេះថា កាលពីថ្ងៃទី៨ ខែមិថុនា មានត្រីប្រាប្រមាណជា ១៣ក្បាល បានងាប់ជាបន្តបន្ទាប់ មូលហេតុដោយសារទឹកនៅកសិន្ទុប្រាសាទ បានរីងហួតរាក់ធ្វើឱ្យទឹកឡើងកម្តៅ ។

ដោយពិនិត្យឃើញ ហេតុការណ៍បែបនេះ កាលពីថ្ងៃទី១០ ខែមិថុនា កន្លងមកនេះ អាជ្ញាធរស្រុក និងអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងបានរិះរកវិធានការដោះស្រាយ ជាបន្ទាន់ដោយស្នើសុំរថយន្តពន្លត់អគ្គីភ័យ ពីស្នងការនគរបាល និងស្ថាប័នផ្សេងៗ ចំនួន៥គ្រឿង ដើម្បីដឹកទឹកយកមកបញ្ចូល ក្នុងកសិន្ធុប្រាសាទបាគង ចាប់ពីរសៀលថ្ងៃទី១០ ខែមិថុនារហូតមក ក្នុងការសង្រ្គោះត្រី ដែលនៅសេសសល់។

លោក សូប្លាតុង បានបញ្ជាក់ថា ដើម្បីសង្គ្រោះត្រី ដែលនៅសេសសល់ អាជ្ញាធរបានដាក់ចេញ នូវវិធានការចំនួន ៣ចំណុចក្នុងនោះ ទី១.សមត្ថកិច្ចបានយករថយន្តដឹកទឹកពីក្រៅ មកបញ្ចូលក្នុងកសិន្ធុ ដើម្បីឱ្យត្រីនៅសេសសល់ អាចបន្តរស់បាន ទី២.ការបុកអណ្តូងទឹក ដើម្បីបូមទឹកបញ្ជូលទៅក្នុងកសិន្ធុនេះ និងទី៣.កម្លាំងប្រជាការពារពី ៥០ទៅ៦០នាក់ បន្តកាយភក់ចេញ ដើម្បីឱ្យជ្រៅបន្តិច ហើយនៅថ្ងៃបន្តបន្ទាបើ នឹងមានកម្លាំងពីអាជ្ញាធរអប្សរា ចូលរួមជាមួយបន្ថែមទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ប្រជាពលរដ្ឋរួមជាមួយព្រះសង្ឃ បានប្រទះឃើញត្រីងាប់ជាបន្តបន្ទាប់ ដោយសារតែទឹកក្នុងកសិន្ធុប្រាសាទបាគង រីងរាក់ធ្វើឡើងកម្តៅ។ ក្នុងនោះមានត្រីមួយចំនួនត្រូវបាន យកទៅដាក់នូវស្រះផ្សេង និងបានយកសត្វកន្ទាយដ៏ធំមួយ ទៅប្រោះទុកនៅអាងក្នុងវត្តផងដែរ ៕