ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ មានអ្នកពុលស្រា នៅខេត្តបន្ទាយមានជ័យ ចំនួន ៤១នាក់ និងស្លាប់ ៧នាក់ផងដែរ។
កាលពីថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២០ មានករណីពុលស្រាថ្នាំចិនសែ យីហោ «ស្រាថ្នាំចិនសែតាំងគួយ» បានកើតឡើង នៅស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងនៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងតេឡេក្រាម គ្រុបអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ថា «ខ្ញុំសូមជម្រាបជូនថា ករណីពុលស្រាយីហោ ស្រាថ្នាំចិនសែតាំងគួយ ដែលនៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង៥ល្ងាច គឺមានអ្នកពុលស្រាថ្នាំ ចិនសែតាំងគួយ ទាំងអស់៤១នាក់ ស្រី ចំនួន៣នាក់ ហើយអ្នកស្លាប់នឹងចំនួន៧នាក់ សុទ្ធជាបរុស ហើយអ្នកកំពុងសម្រាកនៅមន្ទីរ ពេទ្យ៣៤នាក់»។
លោកស្រីរៀបរាប់ ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺ ទាំង៣៤នាក់នឹង មាននៅ មន្ទីរ មង្គលបុរី៩នាក់ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត១៦នាក់ និងនៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន ២នាក់ ហើយអ្នកសម្រាកព្យាបាលជំងឺ នៅផ្ទះ ចំនួន៧នាក់។ ដោយឡែក អ្នកជំងឺលាងឈាម នៅ មន្ទីរពេទ្យខេត្តសៀមរាប មានស្ថានភាពជំងឺ ល្អប្រសើរ។
លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមឆ្លើយតបមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ កំពុងបន្ដ ចុះអប់រំអំពីបញ្ហាសុខភាព ។លោកស្រី ក៏ធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរ កុំពិសារស្រាដែលគ្មានប្រភពច្បាស់លាស់។
សូមរំលឹកថា កាលពីថ្ងៃទី១១ មិថុនា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់អាជីវករលក់ដូរទំនិញ មេត្តាផ្អាកការលក់នូវប្រភេទស្រាថ្នាំ ឈ្មោះ ស្រាថ្នាំចិនសែ តាំងគួយ នៅគ្រប់បណ្ដាលទីផ្សារ ទាំងអស់ និងតាមលំនៅឋានមាន ដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការ ពីរដ្ឋបាលខេត្ត ៕