ភ្នំពេញ៖ ក្រោយរាជរដ្ឋាភិបាល បានណែនាំឲ្យមានការកាត់បន្ថយ ការនាំចូលជ្រូកពីប្រទេសជិតខាងនោះ ពេលនេះការចិញ្ចឹមជ្រូករបស់ប្រជាកសិករ មានការកើនឡើងខ្ពស់ ចំណែកតម្លៃក៏កើនឡើងខ្ពស់ផងដែរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី១២ មិថុនានេះ បានឲ្យដឹងថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាល យ៉ាងឆាប់រហ័សនៅទូទាំងសកលលោក និងតំបន់ ក៏ដូចជា នៅកម្ពុជា ដែលអាចបង្កជាផល ប៉ះពាល់ដល់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងអាហាររបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានណែនាំដោយបាន ស្នើឲ្យមានការកាត់បន្ថយការនាំចូល និងបង្កើតការដាំដុះបន្ថែម ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ ជាដើម។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបញ្ជាក់ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយករដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានកាត់បន្ថយចំនួនជ្រូកនាំចូលពីបរទេស ធ្វើឲ្យកសិករ និងក្រុមហ៊ុនចិញ្ចឹមសត្វ ជាពិសេស ការចិញ្ចឹមជ្រូកមានសន្ទុះកើនឡើង គួរឲ្យកត់សម្គាល់ ធ្វើឲ្យអ្នកចិញ្ចឹមសត្វមានឡើងវិញ ដោយសារតំម្លៃជ្រូករស់កើនខ្ពស់ឡើងវិញ»។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បន្ថែមថា ប្រការនេះ ធ្វើឲ្យផលិតផលដែលកសិករ ចិញ្ចឹមសត្វ ក្រុមហ៊ុនចិញ្ចឹមសត្វ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចប្រកួតប្រជែងទីផ្សារបាន បង្កើតការងារជូនប្រជាជន និងកាត់បន្ថយចំណាកស្រុក ជាដើម។ ទន្ទឹមគ្នានេះដែរ តំម្លៃជ្រូករស់នាពេលបច្ចុប្បន្ន តំម្លៃចាប់ពី ១៣២០០រៀល ទៅ១៤២០០រៀល ក្នុង១គីឡូក្រាម។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គូសបញ្ជាក់ថា ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កុំឲ្យតំម្លៃជ្រូករស់ខ្ពស់ពេល ធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគ សមាគម អ្នកចិញ្ចឹមសត្វកម្ពុជានឹងខិតខំរិះរកមធ្យោបាយធ្វើ យ៉ាងណាឲ្យតំម្លៃជ្រូករស់មកនៅ ១២០០០រៀល ក្នុង១គីឡូក្រាម នៅសប្ដាហ៍ក្រោយ ៕