ដំណឹងល្អ! ក្រុមអឺរ៉ុប កំពុងកៀគរថវិកាជិត ៥០០លានដុល្លារ ដើម្បីជួយកម្ពុជា

0

ភ្នំពេញ៖ ក្រុមអឺរ៉ុប (Team Europe*) កំពុងកៀគរថវិកាចំនួន ៤៤៣លានអឺរ៉ូ (ស្មើនឹង ៤៨៣លានដុល្លារ) ជាជំនួយឥតសំណង និង ប្រាក់កម្ចី ដើម្បីអនុវត្តការងារ ជាមួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការ រាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១១ មិថុនា បានឲ្យដឹងថា ក្រុមអឺរ៉ុប (Team Europe*) គឺជាក្រុមដែលកើតឡើងដោយមាន កិច្ចខិតខំបរួមគ្នារបស់សហភាពអឺរ៉ុប ជាមួយរដ្ឋជាសមាជិករបស់ខ្លួន ស្ថាប័នហិរញ្ញវត្ថុ និងទីភ្នាក់ងារអនុវត្តនានា។ ដោយការរួមកំលាំងជាមួយគ្នានេះ ក្រុមអឺរ៉ុប ផ្ដល់ជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដ៏គួរអោយកត់សំគាល់ ដើម្បីជួយកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ដើម្បីការពារក្រុមដែលងាយរងគ្រោះជាងគេ ដើម្បីកាត់បន្ថយផល ប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលកើតឡើងដោយសារវិបត្តិ ដែលបង្កឡើងដោយវីរុសកូរ៉ូណា និងត្រៀមខ្លួន ដើម្បីស្ដារឡើងវិញ។ ក្នុងប្រទេសកម្ពុជា ក្រុមអឺរ៉ុបធ្វើការរួមគ្នា ជាមួយនឹងប្រទេសស្វីស ដែលជាដៃគូអឺរ៉ុបរបស់យើង។ កម្មវិធី និងគម្រោងទាំងអស់ ដែលអនុវត្តដោយក្រុមអឺរ៉ុប សុទ្ធតែរួមចំណែកដល់ការលើកកម្ពស់ គោលការណ៍ប្រជាធិបតេយ្យ ការលើកកម្ពស់និងការពារសិទ្ធិមនុស្ស និងការពង្រឹងសមភាពយេនឌ័រ ។

សេចក្ដីប្រកាសបញ្ជាក់ថា «ការគាំទ្រក្នុងទឹកប្រាក់ចំនួន ៤៤៣ លានអឺរ៉ូ (ស្មើនឹង ៤៨៣ លានដុល្លារ ឬ ១.៩៩០ ប៊ីលានរៀល) ដែលជាការបញ្ចូលគ្នានូវថវិកាវិភាជន៍ថ្មី ថវិកាដែលបានវិភាជន៍តាមកម្មវិធី និងថវិកាដែលត្រូវបានបង្វែរទិសដៅ ត្រូវបានផ្ដល់ តាមរយៈស្ថាប័នរាជរដ្ឋាភិបាល និងអង្គការជាដៃគូ ដែលក្នុងនោះរួមមាន អង្គការសង្គមស៊ីវិលផងដែរ។ ក្រុមអឺរ៉ុបរួមមានសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជា ក្រុមអឺរ៉ុបទទួលបាន ការចូលរួមពីប្រទេសស្វីស ដែលជាដៃគូអឺរ៉ូបរបស់យើង» ។

អឺរ៉ុបនឹងធ្វើការងារជាមួយប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការស្ដារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ។ ការគាំទ្ររបស់ក្រុមអឺរ៉ុប នឹងរួមចំណែកពង្រឹង វិស័យសំខាន់ៗនៃសេដ្ឋកិច្ច ដែលក្នុងនោះរួមមានការវិនិយោគសាធារណៈ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពល និងការស្ដារឡើងវិញ ដែលគិតគូរពីបរិស្ថាន។ កម្មវិធី និងគម្រោងរបស់អឺរ៉ុប នឹងរួមចំណែកកសាងភាពធន់ក្នុងវិស័យឯកជន និង គាំទ្រដល់ការបង្កើត ការងារធានាឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានរឹងមាំ ក៏ដូចជាការកសាងសេដ្ឋកិច្ចមួយដែលកាន់តែមាន ចីរភាព បរិយាប័ន្ន និងភាពធន់ ស្របតាមរបៀបវារៈឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ៕