ភាពចន្លោះប្រហោងរបស់កម្មវិធី Messenger សម្រាប់ Windows អាចឱ្យជនអនាមិកវាយប្រហារ កុំព្យូទ័រជាមួយមេរោគ malware

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា កម្មវិធី Messenger ដែលជាកម្មវិធីផ្ញើសារ មានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានអ្នកប្រើប្រាស់ប្រមាណ ១.៣ពាន់លាននាក់ ជុំវិញពិភពលោកនោះ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញនូវ ភាពចន្លោះប្រហោងខ្លះៗ របស់កម្មវិធីនេះសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ដែលអាចឱ្យជនអនាមិកងាយស្រួល ក្នុងការវាយប្រហារជាមួយមេរោគ malware នេះបើតាមការផ្សព្វផ្សាយរបស់ Reason Labs។

កំហុសឆ្គងនេះត្រូវបានគេរកឃើញនៅក្នុងកម្មវិធី Messenger ជំនាន់ 460.16 ដែលកើតឡើងនៅពេលកម្មវិធីនេះ​ ធ្វើការទាក់ទងជាមួយ Windows Powershell ទៅក្នុង Python directory។ ដូច្នេះប្រសិនបើលោកអ្នក ពុំដែលបញ្ចូលកម្មវិធី Python កុំព្យូទ័រលោកអ្នកនឹងពុំមាន directory នេះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភ ជាមួយការវាយប្រហារនេះគឺ ជនអនាមិកអាចបន្តការវាយលុកបានយូរ ដោយសារការជ្រៀតចូលនេះទាក់ទងនឹង directory មិនសូវសំខាន់ដែលមិនទាមទារឱ្យបញ្ចូល លេខសម្ងាត់របស់អ្នកគ្រប់គ្រងកុំព្យូទ័រនោះ។

Reason Labs បានជូនដំណឹងទៅក្រុមហ៊ុនហ្វេសប៊ុក ទាក់ទងនឹងកំហុសឆ្គងនេះ កាលពីខែមេសាកន្លងទៅ ហើយក្រុមហ៊ុនក៏បាន ធ្វើការកែសម្រួលរួចហើយដែរ។ ជាងនេះទៅទៀត Reason Labs ក៏បានធ្វើការសាកល្បងជាថ្មីជាមួយ Messenger ជំនាន់ 480.5 ហើយបានបញ្ជាក់ថា ពុំឃើញមានកំហុសឆ្គងនេះទៀតទេ។ ដូច្នេះប្រសិនបើបងប្អូនប្រើកម្មវិធី Messenger ជាមួយកុំព្យូទ័រ Windows ហើយពុំបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលប្រមាណ ២ខែចុងក្រោយនេះ លោកអ្នកគួរធ្វើបច្ចុប្បន្នភាពកម្មវិធីតាមរយៈ Microsoft store ដើម្បីជៀសវាងពីការវាយប្រហារនេះ ៕