ភ្នំពេញ៖ លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់បានចេញដើរទស្សនា នៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ នៅទូទាំងប្រទេស កើនឡើង ២៤.២០%បើ ធៀបនឹងសប្តាហ៍មុន។
យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧% ចំណែកភ្ញៀវបរទេស ក្នុងប្រទេសវិញមានចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣%។
លោករដ្ឋមន្រ្តីបន្ថែមថា ជាការកត់សម្គាល់ ក្នុងសប្តាហ៍កន្លងមកនេះ ភ្ញៀវទេសចរផ្ទៃក្នុង បានហក់ឡើងខ្ពស់ជាងសប្តាហ៍មុនៗ ពិសេសខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅ ទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជាង ៥០% នៃទេសចរផ្ទៃក្នុងសរុប)។
លោកបន្ថែមទៀតថា រីឯខេត្តបាត់ដំបងឃើញថា មានការកើនឡើងជាង ១៣% នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្តសៀមរាបបានបង្ហាញ សញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរ នៅមិនទាន់មានចំនួនច្រើនវិញនៅឡើយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន បានបើកដំណើរការអាជីវកម្មឡើងវិញ។
លើសពីនេះទៀតលោកកត់សម្គាល់ថា ភ្ញៀវទេសចរជាតិយ៉ាងច្រើន គួរសមបានទៅកម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ ៕








