ភ្នំពេញ៖ ក្នុងកាលៈទេសៈដែលពិភពលោក កំពុងជួបប្រទះនូវវិបត្តិនៃជំងឺកូវីដ១៩នោះ កម្ពុជា និងឥណ្ឌា នឹងប្រើយន្តហោះពិសេសរៀងៗខ្លួន ដើម្បីដឹកពលរដ្ឋ ត្រឡប់មកស្រុកកំណើតវិញ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១១ មិថុនានេះ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ មិថុនាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ណារិនដ្រា ម៉ូឌី ដើម្បីពិភាក្សាអំពីការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ និងពីទំនាក់ទំនងទ្វេភាគី និងតំបន់។
សេចក្ដីប្រកាសបញ្ជាក់ថា «សម្តេច និង ឯកឧត្តមនាយករដ្ឋមន្ត្រី បានអរគុណគ្នាទៅវិញទៅមក ចំពោះការយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើដំណើរត្រលប់ទៅស្រុកវិញ នៃពលរដ្ឋរៀងខ្លួនដែលជាប់នៅប្រទេសមួយទៀត។ យន្តហោះ មួយគ្រឿង នឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ពីឥណ្ឌាមកម្ពុជាវិញ នៅថ្ងៃទី១២ ខែមិថុនានេះ ហើយពលរដ្ឋឥណ្ឌា នឹងបានត្រលប់ទៅស្រុកវិញតាមជើងយន្តហោះ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀត នៅថ្ងៃទី១៩ ខែមិថុនា ដែលមានចំនួនសរុប ២៨០នាក់» ។
ថ្នាក់ដឹកនាំទាំងពីរ ឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្តារស្ថានភាព សេដ្ឋកិច្ចសង្គមក្រោយកូវីដ១៩ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជា អន្តរជាតិកាន់តែខ្លាំងជាងមុន។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ
ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា (Act East Policy)។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរ អំពីតួនាទីអន្តរជាតិ ដ៏សំខាន់របស់ឥណ្ឌា ហើយក៏បានគាំទ្រដល់ ឥរិយាបថមនុស្សធម៌ និងសមត្ថភាពរបស់ឥណ្ឌា ក្នុងការផលិតថ្នាំពេទ្យ ដែលក្នុងរយៈពេល ២ខែចុងក្រោយនេះ បានផ្គត់ផ្គង់ថ្នាំ
ជូនប្រទេសប្រមាណ១៣០។
ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តពង្រឹង សហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានសម្តែងការពេញចិត្ត ចំពោះការទុកចិត្តឱ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវក្តីសង្ឃឹម និងជូនពរប្រទេសទាំងពីរ ឆ្លងកាត់ដោយជោគជ័យ វិបត្តិដ៏ធ្ងន់ធ្ងរនេះ ឈរលើស្មារតីជួយគ្នាទៅវិញទៅមក ៕