ភ្នំពេញ៖ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងកោតសរសើរ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រង យ៉ាងល្អប្រសើរនូវជម្ងឺកូវីដ១៩ ដែលអាចជាគំរូមួយ សម្រាប់ពិភពលោក ។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីពិភាក្សាអំពីការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងពីទំនាក់ទំនងទ្វេភាគី និងតំបន់ កាលពីល្ងាចថ្ងៃទី១០ មិថុនា លោក ណារិនដ្រា ម៉ូឌី បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបពិភាក្សាគ្នាជាមួយ សម្តេច ដែលជាមិត្តរបស់ឥណ្ឌា ក្នុងគ្រាដែលពិភពលោក កំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកនាយករដ្ឋមន្ត្រី ម៉ូឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ ហើយក៏បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ជីវិតពលរដ្ឋឥណ្ឌា ជាច្រើនដោយសារជំងឺនេះ ៕