ភ្នំពេញ៖ ព្រលានយន្តហោះតារាសាគរ ក្នុងខេត្តកោះកុង គ្រោងបញ្ចប់ការសាងសង់ នៅដើមឆ្នាំ២០២១ខាងមុខនេះ ខណៈរហូតមកដល់ពេលនេះ សាងសង់សម្រេចបាន ៦០% ហើយ ។ នេះបើតាមការបញ្ជាក់ពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១១ មិថុនានេះ លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍ថា ចំពោះការលើកឡើងថា ព្រលានយន្តហោះតារាសាគរ កសាងឡើងដើម្បីបំរើឲ្យវិស័យយោធានោះ គឺមិនពិតនោះឡើយ ។

លោកស្រីបញ្ជាក់ថា «សម្រាប់ការកសាងព្រលានយន្តហោះ តារាសាគរ ឥឡូវនេះយើងកសាងដល់ រេវេផ្លូវហើយ ហើយកំណត់ថា មុននេះបើយើងអត់មានផលប៉ះពាល់ នៅដំណាក់កូវីដនេះគឺថា ឲ្យចប់នៅចុងឆ្នាំ២០២០នេះតែម្ដង តែដំណាក់កាលនេះអាចចប់នៅចុងឆ្នាំឬក្រុមហ៊ុន គាត់ព្យាយាម ឲ្យចប់នៅចុងឆ្នាំ តែបើមានយថាហេតុ អាចដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះអាចថា សាងសង់បាន៥០ទៅ៦០ភាគរយហើយ”។
លោកស្រីបន្ថែមថា ចំពោះការសាងសង់ព្រលានយន្តហោះ នៅជិតទីរួមខេត្តកោះកុងវិញ គឺក្រុមការងារ កំពុងសិក្សាប្លង់ ដើម្បីកំណត់ទីតាំងឲ្យបានច្បាស់លាស់ ដើម្បីសាងសង់ ៕



