ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើការច្រានចោល លើការចុះផ្សាយរបស់កាសែតវៀតណាម ក្នុងករណីជនជាតិវៀតណាម មានអាយុ១៨ឆ្នាំ វិជ្ជមានកូវីដ១៩ចេញពីកម្ពុជា ហើយក្រសួងក៏បានស្នើទៅកាន់ភាគីវៀតណាម ឱ្យគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិ លើករណីជំងឺ ឆ្លងកូវីដ១៩ ។
ការស្នើរនេះធ្វើឡើងបន្ទាប់ពី មាននូវការចុះផ្សាយព័ត៌មានន លើទំព័រវែបសាយ សារព័ត៌មានមួយចំនួនរបស់វៀតណាម ថា មានករណីជនជាតិវៀតណាម អាយុ ១៨ឆ្នាំ វិជ្ជមានកូវីដ១៩ ចេញពីកម្ពុជា ។សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកាសែតវៀតណាម តែងតែចុះផ្សាយនូវព័ត៍មាន ពាក់ព័ន្អនឹងករណីជំងឺកូវីដ១៩នេះ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាលចុះនៅថ្ងៃទី១១ ខែមិថុនា នេះបានឱ្យដឹងថា ក្រសួងសូមច្រានចោលទាំងស្រុង នូវព័ត៌មានដែលបានចុះផ្សាយ លើទំព័រវែបសាយ សារព័ត៌មានឈ្មោះ លុយអាតវៀតណាម_(luatvietnam.vn) អំពីមានករណីបុរសជនជាតិវៀត ណាមម្នាក់អាយុ ១៨ឆ្នាំ ជាអ្នកជំងឺកូវីដ-១៩ ធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាម តាមច្រកទ្វារ ព្រំដែន ថុងហ្វឹក (Thuong Phuong) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តមាន លទ្ធផលវិជ្ជមានវីរុស-១៩ ហើយបានដាក់ឲ្យព្យាបាល នៅមណ្ឌលសុខភាព ង្វានហុងដី (Huyen Hong Ngu health center) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។
មកទល់ពេលនេះ មិនមាន របាយការណ៍ជាផ្លូវការណាមួយ ស្តីពីករណីជនជាតិវៀតណាមខាងលើនេះ ត្រូវបានផ្តល់ដោយ អាជ្ញាធរសុខាភិបាលវៀតណាម តាមប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗ ក្នុងបណ្តាប្រទេសអាស៊ាននោះ ទេ។
ចំពោះករណីដែលបានលើកឡើង នៅក្នុងសារព័ត៌មាន លុយអាតវៀតណាម (luatvietnam) ដែលបានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបានច្រានចោលទាំងស្រុងចំពោះព័ត៌មាននេះ។ ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជានិងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំងអស់ជាពិសេសខេត្តព្រៃវែង ក៏បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិន មានបុគ្គលជនជាតិវៀតណាមខាងលើនេះនៅកម្ពុជា ឬចេញតាមច្រកដូចបានលើកឡើងក្នុងសារ ព័ត៌មានខាងលើនេះ ចេញទៅប្រទេសវៀតណាមនោះដែរ។
ផ្ទុយទៅ វិញ តាមរយៈការចុះផ្សាយនោះទៀត បង្ហាញច្បាស់ថា បុគ្គលរូបនេះជាជនជាតិ វៀតណាម រស់នៅឃុំថុងហ្វក ស្រកហៀនហុងអ៊ី (Huyen Hong Ngu)ខេត្តដុងថាប់ ប្រទេសវៀតណាម ដូច្នេះ មិនមែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺមានការឆ្លងនៅប្រទេសវៀតណាម នេះទេតែម្តង។
គ្រប់ព័ត៌មានដែលក្រសួងបានឃើញការចុះផ្សាយ ក្រុមការងាររបស់ក្រសួងតែងតែធ្វើការ ស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកយ៉ាងហ្មត់ចត់ ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបជូនថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីណាមួយត្រូវបានរកឃើញ ឬរាយការណ៍ តាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់ក្រសួងនោះ ឡើយ។
ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ ដែល ជាការប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ១៩នេះ ក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។ ក្រសួងសុខាភិបាលនៅតែប្រកាន់ ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ ជាជំងឺរាតត្បាតដ៏កាចសាហាវ ជាសកល។
សូមរំលឹកថា គិតរត្រឹមថ្ងៃទី១០ មិថុនា ក្រសួងសុខាភិបាល បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់បន្ថែមទៀត ខណៈគ្មានអ្នកឆ្លងថ្មី ជាពិសេសនៅសល់តែអ្នកជំងឺម្នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលបន្ត ។ សរុបទាំងអ្នកជាសះស្បើយ និងអ្នកកំពុងព្យាបាលមានចំនួន ១២៦នាក់ ៕