ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា កម្ពុជាបានរៀបចំត្រៀម អង្ករចំនួន ៣០.០០០តោន រួចជាស្រេចសម្រាប់នាំចេញ ទៅប្រទេសទីម័រខាងកើត ហើយស្នើសុំឲ្យសហភាគី ទីម័រខាងកើត ពិនិត្យលទ្ធភាព និងផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សាការងាររវាង លោក ប៉ាន សូរស័ក្ដិ ជាមួយលោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ប្រចាំនៅកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូត ទីម័រខាងកើត បានជម្រាបជូនពីសកម្មភាពមួយចំនួន របស់រដ្ឋាភិបាលទីម័រខាងកើត ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ។
ក្នុងនេះផងដែរ លោកទូត ក៏បានធ្វើការកត់សម្គាល់ នូវបំណងក្នុងការនាំចូល អង្ករកម្ពុជា ទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារទីម័រខាងកើត ក្រោយពីបញ្ហាជាប់គាំងនយោបាយ នៅប្រទេសទីម័រខាងកើត ត្រូវបានដោះស្រាយ ហើយក៏បានជម្រាបជូនថា ប្រទេសទីម័រខាងកើតមានកសិផលមួយចំនួន ដែលអាចនាំចេញមកទីផ្សារកម្ពុជាផងដែរ។
ក្រៅពីនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថា នៅក្នុងវិស័យប្រេងឥន្ធនៈ របស់ទីម័រខាងកើត គឺកំពុងតែត្រូវការកម្មករ ហើយចំពោះកម្ពុជា រដ្ឋាភិបាលទីម័រខាងកើត នឹងផ្ដល់ការងារ ក្នុងវិស័យនេះចំនួន ៣.០០០ កន្លែងជូនដល់កម្ពុជា ។
ជាការឆ្លើយតប លោកប៉ាន់ សូរស័ក្ដិ បានថ្លែងអំណរគុណចំពោះ ការផ្ដល់ពត៌មាន ដោយលោកឯកអគ្គរដ្ឋទូត ទីម័រខាងកើត និងបញ្ជាក់ពីទំនាក់ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ។
ក្នុងនេះដែរ លោករដ្ឋមន្រ្ដី បានថ្លែងថា កម្ពុជាបានរៀបចំត្រៀម អង្ករចំនួន ៣០.០០០ តោន រួចជាស្រេចសម្រាប់នាំចេញ ទៅប្រទេសទីម័រខាងកើត ហើយស្នើសុំឲ្យសហភាគីទីម័រខាងកើត ពិនិត្យលទ្ធភាព និងផ្ដល់ដំណឹង ជូនដល់កម្ពុជាវិញ។
លោកមរដ្ឋមន្រ្ដី បានលើកឡើងពីអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួចហើយ និងស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។
លោកក៏បានសម្ដែងការស្វាគមន៍ ដល់វិស័យឯកជន នៃប្រទេសទីម័រខាងកើត បើករោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករ ទៅទីម័រខាងកើត វិញផងដែរ៕