ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំជាមួយ អង្គការទេសចរណ៍ពិភពលោក (UNWTO) ស្តីពីកញ្ចប់ជំនួយបច្ចេកទេស សម្រាប់ស្តារវិស័យទេសចរណ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយវិបត្តិ COVID-19 តាមរយៈប្រព័ន្ធ Video Conference នាថ្ងៃទី១០ មិថុនា បានឱ្យដឹងថា ពិភពលោក បានខាតបង់ប្រាក់ចំណូល ៨០ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ ក្នុងឆមាសទី១ ដោយសារបញ្ហាកូវីដ១៩នេះ។ នេះបើយោងតាមក្រសួងទេសចរ។
តាមរបាយការណ៍ អង្គការទេសចរណ៍ពិភពលោក បានបង្ហាញថា «នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០នេះ ផលប៉ះពាល់ទេសចរណ៍អន្តរជាតិ មានការធ្លាក់ចុះក្នុងអត្រាប្រមាណ ២២% ខាតបង់ប្រាក់ចំណូល ក្នុងវិស័យទេសចរណ៍ប្រមាណ ៨០ ពាន់លានដុល្លារ ស្មើនឹងការបាត់បង់ចំនួនភ្ញៀវទេសចរអន្តរជាតិ ៦៧ លាននាក់ ដោយសារស្ថានភាព នៃការរីករាលដាលនៃជំងឺ COVID-19 មានការវិវត្តកាន់តែធ្ងន់ធ្ងរ និងបានបង្ខំឱ្យ ប្រទេសជាគោលដៅ ទេសចរណ៍ចំនួន ៩៧ ប្រទេស (ស្មើ៤៥%) បានបិទទាំងស្រុង ឬមួយផ្នែកនៃច្រកព្រំដែនរបស់ខ្លួន» ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា បញ្ហាការរីករាលដាលនៃមេរោគ COVID-19 នៅកម្ពុជាបច្ចុប្បន្ន គឺបានកំពុងបង្កការប៉ះពាល់ ខ្លាំងដល់វិស័យទេសចរណ៍ ក្នុងនោះរាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល ជាសេនាធិការបាន និងកំពុងផ្តោតការរឹតបន្តឹង ខ្លាំងភ្ញៀវអន្តរជាតិ និងកម្មករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ឆ្លងដែនមកកម្ពុជាវិញ ដោយតម្រូវឲ្យគេធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅពេលមកដល់។
លោករដ្ឋមន្រ្តីបញ្ជាក់ថា កញ្ចប់ជំនួយបច្ចេកទេស សម្រាប់ការស្តារអភិវឌ្ឍន៍ វិស័យទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19 នេះរបស់អង្គការទេសចរណ៍ ពិភពលោកនេះ គឺមានសារសំខាន់ សម្រាប់ការរៀបចំ ផែនការស្តារ អភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច និងទេសចរណ៍ នៅក្រោយវិបត្តិ COVID-19 ខណៈអនាគតពិភពលោករំពឹងថា ទាំងអស់គ្នា នៅក្នុងរស់នៅក្នុងតំបន់មួយ តាមបែបថ្មីៗ ដែលមានវិស័យទេសចរណ៍ មានការរីកចម្រើនខ្លាំង។
លោកបានបញ្ជាក់បន្ថែមថា នៅក្នុងកញ្ចប់ជំនួយបច្ចេកទេស សម្រាប់ការស្តារអភិវឌ្ឍន៍ វិស័យទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19 នេះរបស់អង្គការទេសចរណ៍ ពិភពលោកនេះ គឺមានឯកសារជាយុទ្ធសាស្ត្រ និងវិធីសាស្ត្រ ជាច្រើន ដែលជាវិធាន និងជាអនុសាស្ត្រជាច្រើន សម្រាប់ដាក់ឲ្យបណ្តាប្រទេស ជួបការប៉ះពាល់ លើវិស័យទេសចរណ៍ ធ្វើការអនុវត្ត ដើម្បីស្តារស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិទេសចរណ៍។
នៅក្នុងកិច្ចប្រជុំ Video Conference របស់អង្គការទេសចរណ៍ពិភពលោកនេះ តំណាងអង្គការសហប្រជាជាតិ និងតំណាងធនាគារពិភពលោក ក៏បានធ្វើបទបង្ហាញ អំពីកញ្ចប់ជំនួយបច្ចេកទេស សម្រាប់ស្តារវិស័យទេសចរណ៍ និងពន្យល់អំពីលក្ខណៈនានា ដើម្បីឲ្យបណ្តាប្រទេស អាចទទួលបានកញ្ចប់ ហិរញ្ញប្បទានយកទៅអភិវឌ្ឍន៍ វិស័យទេសចរណ៍ នៅក្រោយវិបត្តិ COVID-19 នេះដែរ ។
អង្គប្រជុំបានឲ្យដឹងថា មានប្រទេសចំនួន ៦៥ប្រទេស (ស្មើ៣០%) បានពន្យារទាំងស្រុង ឬមួយផ្នែកនៃជើងហោះហើរអន្តរជាតិ និង ៣៩ ប្រទេសផ្សេងទៀត (ស្មើ១៨%) បានដាក់ចេញវិធានការរឹតត្បិត ការចូលមកដល់របស់ភ្ញៀវទេសចរ មកពីបណ្តាប្រទេស ឬតំបន់មួយចំនួន ៕