ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានលើកឡើងជាទស្សនៈថា ការចរចាប្រាក់ឈ្នួល កម្មករឆ្នាំ២០២១ខាងមុខ នឹងកាន់តែតានតឹងជាងបណ្តាឆ្នាំមុនៗ ។
កាលលើកឡើងរបស់លោក ប៉ាវ ស៊ីណា បែបនេះបន្ទាប់ពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១០ មិថុនា បានចេញសេចក្ដីជូនដំណឹង ស្ដីពីកាលវិភាគចរចាប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ដែលនឹងចាប់ផ្ដើមចាប់ពីខែកក្កដា ឆ្នាំ២០២០ទៅ ។
នៅលើបណ្ដាញទំានក់ទំនងសង្គមហ្វេសប៊ុក លោក ប៉ាវ ស៊ីណា បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមចរចា ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២១ បើទោះបីកម្ពុជាកំពុងរងផលប៉ះពាល់ ពីកូវីដ១៩ ក៏ដោយ» ។
លោកបន្តថា “ទាំងអស់គ្នា បានដឹងយ៉ាងច្បាស់ហើយថា ការចរចាកន្លងមក បើទោះបីជាគ្មានហានិភ័យអ្វីក៏ដោយ ក៏ភាគីនិយោជក តែងតែត្អូញត្អែ ពីផលលំបាកនានា របស់ពួកគេដែរ ដូច្នេះការចរចាឆ្នាំនេះ វារិតតែតានតឹងជាងឆ្នាំមុនៗបំផុត” ។
លោក ប៉ាវ ស៊ីណា បន្ថែមថា ទោះជាយ៉ាងភាគី សហជីព នឹងជួបពិភាក្សាកំណត់ក្រុមស្រាវជ្រាវ ស្វែងរកតួលេខរួមមួយ តាមលក្ខណៈវិទ្យាសាស្រ្ត ដើម្បីដាក់ចូលតុចរចា ៕