ភ្នំពេញ៖ ម្ចាស់ហាងធារ៉ា ប្រើហិង្សាគប់ចានលើកូនឈ្នួល បណ្ដាលឲ្យដួល រួចវ៉ៃទាត់ធាក់ថែមទៀតនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីយកទៅអនុវត្តតាមច្បាប់។
យោងតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ កាន់ វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងធារ៉ា ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ដែលបានបង្កហឹង្សា លើបុគ្គលិករបស់ខ្លួន ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រៀបចំសំណុំឯកសារ បញ្ជូនទៅតុលាការ ។
បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃើញវីដេអូខ្លីបរយ:ពេល ៣នាទី អំពីករណីម្ចាស់ភោជនីយ៍ដ្ឋានមួយឈ្មោះ ធារ៉ា មានជម្លោះជាមួយភរិយា ឃើញដូច្នេះបុគ្គលិកក៏បានជួយចូលឃាត់ ក្នុងពេលនោះ បុរសជាប្តី ដែលជាម្ចាស់ហាង បានប្រើអំពើហឹង្សា យកចានគប់ និងទាត់ធាក់បុគ្គលិក បណ្តាលឲ្យរងរបួស ចំពោះហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទីយប់ នៅចំណុចផ្លូវលេខ ១០៨ កែង៥១ សង្កាត់វត្តភ្នំ ប៉ុន្តែជនរងគ្រោះជាបុគ្គលិកពុំបានមកដាក់ពាក្យ បណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនោះទេ លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានទទួលព័ត៌មាន អំពីករណីបង្កហឹង្សានេះ ភ្លាមនោះ ក៏បានទាក់ទងទៅ លោកនាយប៉ុស្តិ៍ ចាត់វិធានការភ្លាមៗ ដោយលោកនាយប៉ុស្តិ៍ បានធ្វើការកោះហៅ ជនបង្កឲ្យចូលខ្លួន ដើម្បីធ្វើការសាកសួរ ទាក់ទងនឹងករណី បង្កអំពើហឹង្សានេះ ។
ពេលនេះសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បាននឹងកំពុងធ្វើការសួរចម្លើយម្ចាស់ហាង ដែលជាជនបង្កហឹង្សា និងបានក៏សាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្ត បន្តតាមនីតិវិធីច្បាប់ ។
សូមរំលឹកថា ឃ្លិបវីដេអូមួយ ដែលមានរយៈពេលជាង ៣នាទី ត្រូវបានចែកលើបណ្ដាញ សង្គមហ្វេសប៊ុក ដែលបង្ហាញទង្វើអគតិរបស់ម្ចាស់ហាងធារ៉ា បានប្រើហិង្សាគប់ចាន ទៅលើកូនឈ្នួល បណ្តាលឲ្យដួលនឹងដី រួចវ៉ៃទាត់ធាក់យ៉ាងឃោឃៅ បន្ថែមទៀត ។ ទង្វើដ៏ឃោឃៅព្រៃផ្សៃ របស់ម្ចាស់ហាងធារ៉ា បានកើតឡើង នៅទីតាំងហាងផ្ទាល់តែម្ដង ដែលស្ថិតនៅផ្លូវ១០៨ កែងផ្លូវ៥១ ទល់មុខទីលានប្រជាធិតេយ្យ ខណ្ឌដូនពេញ ៕