ហួសចិត្ត! គ្រួសារមួយ យកមីនព្យួរលើដើមអំពិល សំរាប់កំសាន្តអារម្មណ៍លេង

0

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឃមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញនូវអារម្មណ៍ ហួសចិត្ត ចំពោះគ្រួសារមួយ ដែលបាន ប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលើដើមអំពិល សំរាប់កំសាន្តអារម្មណ៍លេង ។

នៅលើបណ្ដាញ សង្គមហ្វេសប៊ុក លោក ហេង រតនា បានសរសេរយ៉ាងដូច្នេះថា «នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់  ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយ បានប្រមូលគ្រាប់មីន ប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម  មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលើដើមអំពិល សំរាប់កំសាន្តអារម្មណ៍លេង! គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់  ហើយគ្រាប់មីនភាគច្រើន នៅមានប្រសិទ្ធភាពផ្ទុះ !»

លោកបន្តថា «ហួសវាចានឹងថ្លែង ជាមួយគំនិតដ៏គ្រោះថ្នាក់ បំផុតនេះ ហើយអាចប្រកបមុខរបរ ដើរស៊ីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ  ត្រូវប្រឈមមុខច្បាប់ហាមឃាត់ ការប្រើប្រាស់ និងរក្សាទុកគ្រាប់មីនផង ប្រឈមមុខច្បាប់ អាវុធជាតិផ្ទុះផង….. មើលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង! ករណីនេះសំណាងណាស់ ដែលមិនទាន់ផ្ទុះឬគ្មានក្មេងៗលេងវា ព្រោះវាងាយផ្ទុះណាស់!»។

ក្នុងឱកាសនោះផងដែរ លោកក៏អំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នា ការពារសុវត្ថិភាពពីគ្រាប់មីន ដោយឃើញអ្នកណាម្នាក់ប្រើប្រាស់  ឬរក្សាទុកគ្រាប់មីន ត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋាន ឬកងកំលាំងនគរបាល ឬកំលាំងស៊ីម៉ាក់ជាបន្ទាន់ ៕