ភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់ជាច្រើន ពីសំណាក់អ្នកលេងបណ្ដាញសង្គម ពេលនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានកោះហៅកញ្ញា បរ៉ាម៉ី ដែលជាម្ចាស់បទ «កណ្តៀវអូនស្រួយ» មកធ្វើការព្រមាន ។
បទចម្រៀង «កណ្តៀវអូនស្រួយ» នេះ បានបង្កប់អន្ថន័យ ពាក់ព័ន្ធនឹងអាសអាភាស ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រពៃណី វប្បធម៌របស់ខ្មែរ ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានវិធានការដោះស្រាយ ៤ចំណុច៖ ទី១.អប់រំ និងណែនាំ ទី២.ធ្វើលិខិតព្រមានជាលាយល័ក្ខអក្សរ, ទី៣.លុបឈ្មោះជាសិល្បករ និងបញ្ឈប់ ឬផ្អាកសកម្មភាពសិល្បៈ ក្នុងរយៈពេលកំណត់ណាមួយ និងទី៤.ចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្នាដៃរបស់សិល្បករ ប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងវប្បធម៌ ។
ក្រោយក្រសួងវប្បធម៌ បានកោះហៅអ្នកនិពន្ធ និងម្ចាស់បទចម្រៀង «កណ្តៀវអូនស្រួយ» មកព្រមាន ពេលនេះទាំងអ្នកនិពន្ធ និងម្ចាស់បទចម្រៀង បានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ហើយសន្យាមិនតែងនិពន្ធបទចម្រៀង ដែលបង្កឲ្យមានការប៉ះពាល់ ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ ។
ក្នុងលិខិតកិច្ចសន្យា បានសរសេរថា «ខ្ញុំបាទឈ្មោះ អ៊ិច ចន្ថា កើតថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៨១ ជាអ្នកនិពន្ធបទចម្រៀង ដែលមាន ចំណងជើងថា (កណ្តៀវអូនស្រួយ) និងបទ (ស្រណោះអង្រែ) ជាបទចម្រៀង ដែលប្រើពាក្យពេចន៍ អសុរស ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម ដែលធ្វើឲ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឲ្យប៉ះ ពាល់ដល់តម្លៃសីលធម៌សង្គម។ ខ្ញុំបាទ អ៊ិច ចន្តា សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀង ដែលបង្កឲ្យមានការប៉ះពាល់ ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ខ្ញុំនឹងធ្វើការចុះបញ្ជីផលិតកម្ម ឲ្យបានត្រឹមត្រូវ តាមច្បាប់ និងយកទេពកោសល្យដែលខ្ញុំមាន មក ប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន ដើម្បីជួយលើកស្ទួយ តម្លៃសិល្បៈវប្បធម៌ជាតិ» ៕