ភ្នំពេញ៖ រោងចក្រផលិតរថយន្ត របស់ក្រុមហ៊ុនហុងដា ត្រូវបានផ្អាកដំណើការស្ទើតែ ពេញមួយពិភពលោកទៅហើយ តែនេះមិនមែនដោយសារ ការរាតត្បាតនៃជំងឺ កូវីដ-១៩ នោះទេ វាគឺជាការវាយប្រហារពីក្រុមជនអនាមិក (Hackers) ទៅវិញទេ។ នេះបើយោងតាម ហ្វេសប៊ុក នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ។
ប្រព័ន្ធបណ្ដាញ (Network System) របស់ក្រុមហ៊ុនហុងដា ត្រូវបានវាយប្រហារ ដែលធ្វើឱ្យក្រុមហ៊ុន មិនអាចចូលប្រើកុំព្យូទ័រសឺវ័រ អ៊ីម៉ែល និងប្រព័ន្ធផ្សេងៗទៀតបាន នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន BBC។ រោងចក្រដែលត្រូវបានបិទទាំងនោះ មាននៅបណ្តារប្រទេសដូចជា ចក្រភពអង់គ្លេស ទួកគី អ៊ីតាលី ជប៉ុន និងតំបន់អាមេរិកខាងជើង។
បើយោងតាម ក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាព បានឱ្យដឹងថា នេះអាចជាការវាយប្រហារប្រភេទ Snake Ransomware ដែលក្រុមអ្នកវាយប្រហារបានបំប្លែង (encrypt) ទិន្នន័យរបស់ក្រុមហ៊ុន ឬបិទមិនឱ្យក្រុមហ៊ុន អាចចូលប្រើប្រព័ន្ធកុំព្យូទ័របាន ប៉ុន្តែក្រុមហ៊ុនហុងដា បានអះអាងថា ទិន្នន័យទាំងអស់ពុំមាន ការប៉ះពាល់ នៅឡើយទេ រហូតមកដល់ពេលនេះ។
បច្ចុប្បន្នគេពុំបានដឹងទេថា តើ ក្រុមអ្នកវាយប្រហារចូលទៅក្នុងប្រព័ន្ធ Network តាមរបៀបណានោះទេ ប៉ុន្តែវាប្រហែលអាចចូល តាមការទាញយកឯកសារផ្សេងៗ ដែលមានភ្ជាប់មកជាមួយ មេរោគទាំងនោះ។
នេះជាការក្រើនរំឭកមួយ ដែលទាំងក្រុមហ៊ុន ក៏ដូចជាអ្នកប្រើប្រាស់ ត្រូវតែមានការប្រុងប្រយ័ត្ន ជាមួយប្រព័ន្ធសុវត្ថិភាពដើម្បីជៀសវាងពីការវាយប្រហារនានា ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្តនេះតែម្ដង ព្រោះថាបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ គឺមានយ៉ាងច្រើន ដែលត្រូវបានប្រើបាស់នៅក្នុងប្រព័ន្ធដំណើរការ របស់រថយន្តដូចជា ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធគ្រប់គ្រងល្បឿន ហើយនៅថ្ងៃអនាគត ក៏នឹងមានប្រព័ន្ធដែលអាចឱ្យ រថយន្តបើកបានដោយខ្លួនឯង ផងដែរ៕