ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ និងគ្មានអ្នកឆ្លងថ្មីនោះទេ ខណៈនៅសល់តែម្នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យបាលបន្ត ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖ ចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១២៥នាក់ (ស្មើនឹង ៩៩ ,២១% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៣៩នាក់ និងបុរស ៨៦នាក់ ។ អ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួនម្នាក់ ជាបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពី ប្រទេសហ្វីលីពីន ។
ក្រសួងបន្តថា អ្នកមានវីរុសកូវីដ-១៩ ដែលបានរក ឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១២៦នាក់ (ស្រ្តី ៣៩នាក់ និងបុរស ៨៧នាក់)។
ក្រសួងបន្ថែមថា ករណីជាសះស្បើយមានម្នាក់ ជាបុរសជនជាតិខ្មែរ-បារាំងអាយុ ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរ ពីសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឲ្យ ចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ច បានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទ ទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២ ៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕