លោក ស៊ុន ចាន់ថុលប្រាប់ថា ក្នុងខេត្តក្រចេះនឹងមានស្ពាន ឆ្លងកាត់ទន្លេមេគង្គ នាពេលខាងមុខ

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា នាពេលខាងមុខនេះ នឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះដែលនឹងរួមចំណែកជំរុញកំណេីនសេដ្ឋកិច្ចក្នុងតំបន់ និងប្រទេស តាមរយ: សម្រួលការដឹកជញ្ជូន ទំនិញ និងកសិផល ។

ក្នុងពិធី សំណេះសំណាលមន្ត្រី ស.ក.ដ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹក ពីសមិទ្ធផលនានា ដែលក្រសួងសម្រេចបាន កន្លងមក ទាក់ទងនឹងការផ្ដល់សេវាសាធារណៈ តាមរយៈការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យា ការផ្តល់នូវសេវាសាធារណៈ ដោយដើម្បីបង្ខិតសេវា ទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរបណ្ណបើកបរ សេវាប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារអ៊ីអន កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជូនប្រជាពលរដ្ឋ និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗដល់មន្ត្រីរាជការ និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់ គុណភាពសេវាសាធារណៈ។

ថ្លែងក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹក នាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាកត្តាដ៏សំខាន់ មិនអាចខ្វះបានក្នុងការទាក់ទាញ វិនិយោគិនពីបរទេស បង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រជាពលរដ្ឋ រស់នៅក្រោមបន្ទាត់ នៃភាពក្រីក្រផងដែរ។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពី គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឱ្យកាន់តែមានភាពប្រសើរឡើង ។

លេីសពីនេះទៅទៀត នាពេលខាងមុខនេះ នឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ។ គម្រោងនេះ នឹងរួមចំណែកជំរុញ កំណេីនសេដ្ឋកិច្ចក្នុងតំបន់និងប្រទេស តាមរយ:សម្រួលការដឹកជញ្ជូន ទំនិញនិងកសិផល ជាពិសេសផ្សារភា្ជប់ទំនាក់ទំនង រវាងបងប្អូនប្រពលរដ្ឋពីត្រេីយ ទៅត្រេីយម្ខាងទៀត ភាពរហ័សចំនេញពេលវេលានិងចំនេញថវិកា ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តក្រចេះទាំងអស់អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជាការលាងដៃនឹងសាប៊ូ ឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តក្រចេះទាំងអស់នូវពាក្យស្លោកពីរឃ្លាថា៖ សូមកុំសួរថាកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជា និងមួយឃ្លាទៀតថា៖ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមាន ប្រសិទ្ធភាពនាំជាតិរុងរឿង៕