ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេសនិងជារដ្ឋមន្ត្រីកិច្ចការនារី អូស្រ្តាលី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានឆ្លៀតបញ្ជាក់ជូន លោកស្រីរដ្ឋមន្ត្រី ការបរទេស អូស្ត្រាលីជាថ្មី ថាគោលការណ៍រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយ នៅក្នុងទឹកដីកម្ពុជា។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន ក្រសួងការបរទេស
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពី ពីជំហររបស់កម្ពុជា និងការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីការស្វាគមន៍គ្រប់ប្រទេសមក ធ្វើសមយុទ្ធយោធារួមគ្នា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក នៅមូលដ្ឋានកងទ័ពជើងទឹករាម ។
ក្រៅពីបញ្ជាក់នូវជំហរកម្ពុជា រឿងមូលដ្ឋានទ័ពបរទេស ដើម្បីឱ្យអូស្ត្រាលី អស់មន្ទិលហើយនោះ ក្នុងជំនួបនេះលោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណអូស្ត្រាលី ចំពោះការជួយយកអាសារគ្នា ទៅវិញទៅមក ដល់ប្រជាជននៃប្រទេសទាំងពីរ បន្ទាប់ពីការផ្ទុះឡើងនៃ ជំងឺរាតត្បាតជាសាកលកូវីដ-១៩។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងប្រមុខការទូតអូស្ត្រាលី បានពិភាក្សាគ្នាអំពីការប្រតិបត្តិពហុភាគីនិយម ដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់លោកស្រី ម៉ារីស ផេន ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើវិស័យកិច្ចការនារី, លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងគម្រោងរៀបចំព្រឹត្តិការណ៍ជាច្រើន កម្ពុជាមានគោលបំណងរៀបចំ ព្រឹត្តិការណ៍មួយស្តីពីស្រ្តី នៅក្នុងសន្តិភាព និងសន្តិសុខ ជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលអាចធ្វើទៅបានក្នុងការលើកកម្ពស់អំណាចរបស់ស្រ្តី។
លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ម៉ារីស ផេន បានផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់មួយចំនួន ទាក់ទងនឹងបញ្ហាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ផងដែរ៕