ភ្នំពេញ៖ ត្រីប្រាជាច្រើនក្បាល នៅក្នុងកស្សិណ្ធុ ប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងាប់ដោយសារទឹករីងពីកស្សិណ្ធុ។
ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលរស់នៅជិតប្រាសាទបាគង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនានេះ ថា ត្រីទាំងនោះ បានងាប់តាំងពីរសៀល ថ្ងៃទី០៨ ខែមិថុនាមកម្ល៉េះ ។ ពួកគាត់ថា ពួកគាត់រស់នៅទីនេះ ខ្លះមានអាយុ៥០ទៅ៦០ឆ្នាំ កន្លងទៅ ហើយមិនដែលឃើញ កស្សិណ្ធុប្រាសាទនេះរីងទឹក និងឃើញមានត្រីធំៗ បែបនេះនោះទេ ដែលនេះជាលើកដំបូង ហើយដែលឃើញ កស្សិណ្ធុប្រាសាទ បាគងរីង និងបានប្រទះឃើញត្រីធំៗជា ច្រើនបែបនេះ។ ត្រីដែលបានងាប់ និងកំពុងរស់នៅក្នុងកស្សិណ្ធុនេះ ជាប្រភេទត្រីប្រា ហើយត្រីប្រានេះពួកគាត់យល់ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬលោកយកមកប្រលែងកាលពីទឹកនៅច្រើន។ ត្រីទាំងនេះមួយចំនួនបានងាប់គេយកទៅកប់ចោល និងនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋយកទៅដាក់នៅស្រះផ្សេង និងមួយចំនួនទៀតបានកំពុងរស់នៅក្នុងទឹកតិចតួចរាក់ដោយមើលឃើញត្រីធំៗហែលចុះឡើង ហើយត្រីទាំងនេះប្រសិនគ្មានភ្លៀងធ្លាក់ឆាប់ៗ និងមិនមានការចាប់យកទៅដាក់ស្រះផ្សេងទេនោះវាអាចងាប់បន្តអស់។ បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះ មានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត។
ពាក់ព័ន្ធករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារ កស្សិណ្ធុប្រាសាទបាគងនេះ ជាកស្សិណ្ធុមួយដែលរងចាំទឹកភ្លៀង ប៉ុណ្ណោះ ដូចជាស្រះសង់ដែរ មិនមានប្រភពទឹក នៅជិតដែលអាចបង្ហូរចូលភ្លាមៗ បាននោះទេ។ លោកបន្តថា បច្ចុប្បន្ននេះ នៅកស្សិណ្ធុប្រាសាទបាគង មិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករីងរាក់រួមតូចថ្ងៃក្តៅខ្លាំង ធ្វើឱ្យត្រីមួយចំនួនងាប់៕




