ភ្នំពេញ៖ លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើតប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានចាត់ទុកកម្ពុជា ជាគេហដ្ឋានទី២ របស់ខ្លួន និងមានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ ពិភពលោកមានបញ្ហាកូវីដ-១៩ តែកម្ពុជាបានគ្រប់គ្រង ស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះបើយោងតាមក្រសួងការងារ។
ការថ្លែងបែបនេះធ្វើឡើងនៅក្នុងជំនួបេពិភាក្សាការងារជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ ក្នុងជំនួបនេះភាគីទាំងពីរ (កម្ពុជា-ទីម័រខាងកើត) ក៏បានសន្យារួមគ្នាអភិវឌ្ឍន៍ វិស័យការងាររឹតតែប្រសើរ ក្រោយចប់កូវីដ-១៩ ផងដែរ។

លោក អ៊ិត សំហេង បានទទួលស្វាគមន៍ចំពោះ លោកឯកអគ្គរាជទូត នៃសាធារដ្ឋប្រជាធិបតេយ្យទីម័រខាងកើត យ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនយើងទាំងពីរ ដែលមានធម្មជាតិដ៏ស្រស់ត្រកាល និងប្រវិត្តសាស្ត្រប្រហាក់ប្រហែលគ្នា។
ចំណែកលោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo Kupa Lopes ) បានវាយតម្លៃខ្ពស់ចំពោះ គោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍នៅគ្រប់វិស័យ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា មកពីគ្រប់និន្នាការនយោបាយ អាចរួមរស់ ប្រកបដោយសុខដុមរមនា ជាមួយគ្នា។
លោក Ermenegildo បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ ដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើត នៅក្នុងក្របខណ្ឌអាស៊ាន។

ជាមួយគ្នានេះ លោកទូត បានសន្យាថា នឹងខិតខំបំពេញបេសកកម្ម ការទូតឲ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង ប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។ លោកបានចាត់ទុកកម្ពុជា ជាគេហដ្ឋានទី២ របស់ខ្លួន និងមានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ ពិភពលោកមានបញ្ហាកូវីដ-១៩ តែកម្ពុជាបានគ្រប់គ្រង ស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
គួរបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ” កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រួមមាន៖
– ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធីការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំងការសិក្សាប្រៀបធៀបលើវិស័យការងារ មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា៖ ការចរចារជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្តូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ
– ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្ត្រីទទួលបន្ទុក និងមន្ត្រីជំនាញ
– ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ
– ការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕
