ភ្នំពេញ៖ លោក វ៉ាង វិនធាន (Wang Wentain ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើង វិញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរ កំពុងមានការធ្លាក់ចុះគួរ ឱ្យកត់សម្គាល់ ។
ការថ្លែងបែបនេះធ្វើឡើងនៅក្នុង ពិធីចុះហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន” រវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រីកសិកម្ម បានមានប្រសាសន៍ថា ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេច បង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយជិត ២ឆ្នាំកន្លងមកនេះ បានអនុញ្ញាតឲ្យកម្ពុជានាំចេញ ចេកអំបូងលឿង ដោយត្រង់ទៅកាន់ទីផ្សារចិនដែលត្រូវការ ៨លានតោនក្នុង១ឆ្នាំ ហើយភាគីទាំងពីរ បាននិងកំពុងពិភាក្សា អំពីពីនីតិវិធី និងលក្ខខ័ណ្ធតម្រូវ ហើយនិងបច្ចេកទេសមួយចំនួន ដើម្បីឈានទៅធ្វើការអនុម័ត លើឯកសារសំណើនាំចេញ ម្រេច មានប៉ៃលិន ក្រូចថ្លុង ធុរ៉េន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថា កិច្ចការនេះនឹងអាចចាប់ផ្តើម ធ្វើការនាំចេញនាពេលឆាប់ៗ ខាងមុខនេះ។
លោករដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា តាមរយៈការផ្លាស់ប្តូរ ពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់ របស់កម្ពុជានឹងត្រូវបានហូរចេញ ជាបណ្តើរដោយត្រង់ ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ ជាច្រើនអនេក ដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារ ដ៏មានសារសំខាន់មួយនេះ។ ក្រៅពីនេះ វិស័យ ផលិកម្មស្វាយស្រស់ នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេស នឹងស្រូបយកពលកម្ម ក្នុងស្រុកបានកាន់តែច្រើនផែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក វេង សាខុន ក៏បានអំពាវនាវ ឱ្យវិស័យឯកជនចូលរួម និងសហការ ឱ្យបានពេញពេញគ្រប់ខ្សែច្រវាក់ ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយក ឱកាសមាសដែលកំពុង មានក្នុងដៃឱ្យ បានជាប្រយោជន៍ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ហើយសង្ឃឹមថា កម្ពុជាមានឱកាស ក្នុងការប្រកួតប្រជែង ប្រកបដោយកិតកិយស និងកិត្តិនាមរបស់ ផលិតផលខ្មែរ លើឆាកអន្តរជាតិ។
នាឱកាសនេះ លោក វ៉ាង វិនធាន (Wang Wentain ) បានសម្តែងនូវអំណរសារទ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ និងបានធ្វើចំណាប់អារម្មណ៍ ទាក់ទងនឹងពិធីសារនេះ ដោយបានរំលេចខ្លឹមសារ សំខាន់ៗ អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដោយឡែកវិស័យកសិកម្ម បាននឹងកំពុងបន្តពង្រឹង និងពង្រីកយ៉ាងសកម្មធ្វើយ៉ាងណាពង្រីកសក្តានុពលនាំចេញ កសិផលកម្ពុជា នៅកាន់ទីផ្សារធំចិន ហើយជាក់ស្តែង ក្រៅពីផលិតផលអង្ករ និងចេកអំបូងលឿង ពិធីសារនាថ្ងៃនេះ និងបើកផ្លូវឱ្យផលិតផលផ្លែស្វាយស្រស់កម្ពុជា ហូរចូលទីផ្សារចិន។
លោកទូតគួសបញ្ជាក់ថា «ពិតណាស់ ការនាំ ចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិននាពេលនេះ ប្រាកដជានឹងជួយសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវិញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរ កំពុងមានការធ្លាក់ចុះគួរ ឱ្យកត់សម្គាល់។»
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំ ចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់ សម្រាប់នាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនចំនួន ២០ក្រុមហ៊ុន ម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១.២៨៦ហិកតា។ បន្ទាប់ពីពិធីសារនេះចូលជា ធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈាន ដល់ការនាំចេញបាន ៕